(កំពង់ធំ)៖ លោក លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងស្នប់ជ្រៅចំនួន១៨អណ្តូង នៅស្រុកប្រាសាទសំបូរ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានសាងសង់អណ្តូងស្អប់ចំនួន១៨អណ្តូង ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកគោលដៅចំនួន៣ស្រុក គឺស្រុកសន្ទុក មានឃុំក្រយាចំនួន០៤អណ្តូង ស្រុកកំពង់ស្វាយ មានឃុំត្រពាំងឬស្សីចំនួន០២អណ្តូង និងស្រុកប្រាសាទសំបូរចំនួន១២អណ្ដូង មានឃុំឈូកចំនួន០៣អណ្តូង ឃុំស្រើងចំនួន០៣អណ្តូង ឃុំសំបូរណ៍ចំនួន០៦អណ្ដូង
ភូមិច្រម៉ាស់០៣អណ្តូង និងភូមិកូនក្អែកចំនួន០៣អណ្តូង។
លោក លី ណារុន បានថ្លែងថា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅតាមមូលដ្ឋាន ឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់នូវទឹកស្អាតប្រកបដោយគុណចៀសវាងពីជំងឺឆ្លងផ្សេងៗ គឺផ្ដល់អណ្ដូងស្នប់ជ្រៅ ដែលគ្មានមេរោគ ដល់បងប្អូននៅក្នុងសហគមន៍។
ការប្រើប្រាស់អណ្ដូងស្នប់ជ្រៅនេះគឺផ្ដល់សារៈប្រយោជន៍ដល់មនុស្ស និងសត្វគ្រប់ប្រភេទក្នុងការប្រើប្រាស់ ទៅតាមតម្រូវការចាំបាច់ ការកាត់បន្ថយថវិកាមួយកម្រិតផងដែរ។ លោកបន្តថា ជាក់ស្ដែងនៅក្នុងសហគមន៍ ប្រជាពលរដ្ឋជាច្រើនត្រូវការទឹកស្អាត ប្រើប្រាស់ជាចាំបាច់នៅក្នុងក្រុមគ្រួសារ ដើម្បីឱ្យមានសុខភាពល្អ គ្មានជំងឺកើតឡើងដល់មនុស្សនិងសត្វនៅក្នុងសហគមន៍។
លោក លី ណារុន បានសំណូមពរបងប្អូនទាំងអស់នៅក្នុងសហគមន៍ សូមចូលរួមការពារសមិទ្ធផលនានាផ្ដល់ឱ្យនាពេលនេះ ត្រូវយកចិត្តទុកដាក់ថែរក្សា ការពារ ឱ្យបានគង់វង្ស ប្រើប្រាស់ឱ្យបានយូរយូរអង្វែងហើយ អាជ្ញាធរមូលដ្ឋានត្រូវតែផ្សព្វផ្សាយដល់បងប្អូននៅក្នុងសហគមន៍បន្ថែមទៀតពីសារៈប្រយោជន៍ នៃការប្រើប្រាស់អណ្ដូងស្នប់ទឹកស្អាតនេះឱ្យគាត់យល់កាន់តែច្បាស់ មិនប៉ះពាល់ដល់សុខភាព ដល់មនុស្ស និងសត្វនោះឡើយ៕