(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកសណ្តាន់ ចុះពិនិត្យស្ថានភាពផ្លូវដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងបានណែនាំអាជ្ញាធរ ក្រុងស្រុកទាំងអស់ ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ និងរាយការណ៍ជាប្រចាំអំពីស្ថានភាពទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខនេះ មកកាន់រដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។
អភិបាលខេត្ត បានបញ្ជាក់ថា «កិច្ចការងារនេះសំខាន់ណាស់ បើសិនជាយើងមិនបានគិតគូរត្រៀមបង្ការទុកជាមុនទេ នោះយើងនឹងជួបបញ្ហា និងផលលំបាកជាច្រើននៅក្នុងមូលដ្ឋាន»។
លោក នួន ផារ័ត្ន ក៏បានអំពាវនាវប្រជាពលរដ្ឋ សូមបន្តមានការប្រុងប្រយ័ត្នខ្ពស់ អំពីសុវត្ថិភាពគ្រួសារ ជាពិសេសក្មេងតូចៗ ត្រូវត្រៀមលក្ខណៈទុកមុនចំពោះបញ្ហាជំនន់ទឹកភ្លៀង និងសូមយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕