(កំពង់ធំ)៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង ធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំចំណាលើ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ព្រមទាំងសហការី នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញនាំយកទៀនវស្សា និងទេយ្យទាន ព្រមទាំងបរិក្ខា និងបច្ច័យមួយចំនួន មកវេនប្រគេនព្រះសង្ឃចំនួន៦ វត្តដែលគង់ចាំព្រះវស្សា នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងទៅកាន់ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ លោកតា លោកយាយ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅក្នុងឱកាសនោះ លោកបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលលោកតែងតែនឹករលឹកគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងគ្រប់ពេលវេលា ជាពិសេសលោក បានកសាងនូវផ្លូវបេតុងប្រវែង ១១គីឡូម៉ែត្រ នៅក្នុងឃុំចំណាលើ ដែលជាចំណងដៃមិនអាចកាត់ថ្លៃបាន ដែលក្នុងកំពុងដំណើរការសាងសង់សម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានធ្វើដំណើរ ដឹកកសិផល និង សិស្សានុសិស្សទៅសាលារៀនមានការងាយស្រួល ប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស។
លោកបានកោតសរសើរខ្ពស់ដល់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីដែលបានបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត ឆាប់រហ័សក៏ដូចជាការធ្វើកិច្ចការមនុស្សធម៌ និងការជួយសង្គ្រោះ ប្រជាពលរដ្ឋក្នុងគ្រាលំបាកផ្សេងនៅក្នុងមូលដ្ឋានបានទាន់ពេលវេលាផងដែរ។
គួរបញ្ជាក់ផងដែរថា បរិក្ខា និងទេយ្យទាន ដែលប្រគេនចែកជូនវត្តទាំង ៦ គឺ៖
១៖ វត្តសោភ័ណរង្សី ហៅ វត្តខ្មាក់
២៖ វត្តប្រាសាទស្វាយជ្រុំបរមសុខា ហៅវត្ត ប្រាសាទស្វាយជ្រុំ
៣៖ វត្តព្រះជ័យហង្សា ហៅវត្ត ល្ហុង
៤៖ វត្តប្រាសាទបីសិរីសោភ័ណ ហៅវត្តប្រាសាទបី
៥៖ វត្តមុនីសូរិយា ហៅវត្តក្ដីស្រង៉ែ
៦៖ វត្តអំពិលរលើង ហៅ វត្តអំពិលរលើង ក្នុងមួយវត្តៗទទួលបាននូវ ទៀនវស្សា១គូ បច្ច័យចំនួន១លានរៀល ព្រមទាំង គ្រឿងឧបភោគបរិភោគ និងបរិក្ខោមួយចំនួនធំទៀត៕