(ត្បូងឃ្មុំ)៖ ក្រោយពីត្រូវបានលោកមេឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំ ដកតំណែងអស់រយៈពេលជិត២០ថ្ងៃ ទីបំផុតលោក កែវ វ៉ា មេភូមិ និងលោក ថុង ហេង អនុប្រធានភូមិខ្ជាយ បានទទួលការអនុញ្ញាត ឲ្យបន្តការងារដឹកនាំ ភូមិដូចដើមវិញហើយ។
ការទទួលបានតំណែងឡើងវិញនេះ ក្រោយពីប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលស្រលាញ់ចូលចិត្តលោកមេភូមិខាងលើ កើតទុក្ខមិនសុខចិត្ត និងបាននាំគ្នាធ្វើលិខិតផ្ដិតមេដៃសុំការអន្តរាគមន៍ពីលោកអភិបាលស្រុកមេមត់។
លិខិតសុំអន្តរាគមន៍នោះបានដាក់ជូនរដ្ឋបាលស្រុកមេមត់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយសុំឲ្យលោកមេភូមិ បានបន្តការងាររបស់ខ្លួនឡើងវិញ។ ប្រជាពលរដ្ឋបានរៀបរាប់ថា បច្ចុប្បន្ននេះលោក កែវ វ៉ា គឺជាមេភូមិដ៏ល្អ បំរើប្រជាពលរដ្ឋមិនប្រកាន់បក្ខពួក។
គាត់បានយកចិត្តទុកដាក់ដល់ពលរដ្ឋក្នុងភូមិបានល្អ ចាប់ពីគាត់បានធ្វើជាមេភូមិមកដល់បច្ចុប្បន្ន គាត់មិនដែលបង្កការលំបាក ឬអាក់ខានក្នុងការបំរើប្រជាពលរដ្ឋឡើយ។ ក្រោយពីទទួលបានលិខិតប្រជាពលរដ្ឋខាងលើនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ អភិបាលស្រុកមេមត់ ក៏បានចេញលិខិត១ច្បាប់ ជម្រាបជូនទៅលោកមេឃុំជាំក្រវៀន ស្តីពីករណីផ្លាស់ប្តូរមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិនីមួយៗតាមបណ្តាឃុំ។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក អួច យឿន មេឃុំជាំក្រវៀន បានសម្រេចអនុញ្ញាតឲ្យលោក កែវ វ៉ា បន្តតំណែងជាមេភូមិខ្ជាយឡើងវិញ ហើយលោកមេឃុំក៏បានចេញលិខិតអញ្ជើញលោក កែវ វ៉ា និងលោក ថុង ហេង ដែលជាអនុភូមិ ចូលរួមកិច្ចប្រជុំទទួលការណែនាំ និងផ្តាំផ្ញើការងារមួយចំនួននៅពេលចូលបម្រើការងារជាមេភូមិខ្ជាយបន្តទៀត៕