(ឧត្តរមានជ័យ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សុខសន្តិភាពជាផលលាភមួយយ៉ាងល្អប្រសើរ ដែលធ្វើឱ្យប្រទេសកម្ពុជារបស់យើង មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ សាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន និយាយរួមគឺ ទឹក ដី ភ្លើង និងមនុស្ស។
លោកឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសដែលោកអញ្ជើញបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ដោយមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក មន្ត្រីរាជការ បុគ្គលិសិក្សាជាច្រើនរូបទៀត។
លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា នៅក្នុងឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញយុទ្ធសាស្ត្រធ្វើកំណែទម្រង់វិស័យអប់រំ ហើយកំណែទម្រង់នេះមានគោលដៅអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ ពិភពលោកទាំងមូល កំពុងតែដើរចូលយុគសម័យថ្មី គឺយុគសម័យបច្ចេកវិទ្យាឌីជីថល ដែលត្រូវការធនធានមនុស្សមានចំណេះដឹង សម្រាប់ការកសាងនូវសេដ្ឋកិច្ចសង្គមឌីជីថល ប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ក្នុងន័យនេះ ទើបក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញនូវរបៀបវារៈកំណែទម្រង់ ដែលមាន ១៣ចំណុច នៅក្នុងឆ្នាំ២០១៣ ដែលផ្តោតលើគុណភាពអប់រំ ផ្តោតលើការប្រឡងមធ្យមសិក្សាទុតិយភូមិ។
លោកបន្តថា ឆ្នាំ២០១៥ បានដាក់ចេញជាចក្ខុវិស័យនៃការធ្វើកំណែទម្រង់វិស័យអប់រំ ដែលផ្តោតសរសរស្តមទី១ គឺគោលនយោបាយគ្រូបង្រៀន ផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ដែលមានចំណុចសំខាន់ៗ គឺការតម្លើងប្រាក់បៀវត្សជូនគ្រូបង្រៀន។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវរបៀបវារៈមួយ គឺមនុស្ស គឺការតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ ក្នុងនោះប្រាក់បំណាច់គ្រូបង្រៀន និងប្រាក់បំណាច់មន្ត្រីសុខាភិបាល គឺខ្ពស់ជាងប្រាក់បំណាច់មន្ត្រីរាជការដទៃទៀត ដោយឡែកប្រាក់បៀវត្សមូលដ្ឋានគឺដូចគ្នា។
លោក មាន ចាន់យ៉ាដា បានថ្លែងនូវការគោរពអរគុណលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានផ្តល់ជាកាដូដល់ខេត្តឧត្តរមានជ័យ តាមសំណូមពរជាអាទិភាពចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដោយបានធ្វើការ៖
* ពង្រីកអនុវិទ្យាល័យ ហ៊ុន សែន រួតចំប៉ី ទៅជាវិទ្យាល័យ (ក្រុងសំរោង)
* ពង្រីកអនុវិទ្យាល័យ ហ៊ុន សែន អូរក្រូច ទៅជាវិទ្យាល័យ (ស្រុកត្រពាំងប្រាសាទ)
* អគារសិក្សានៅសាលាបឋមសិក្សា សែនមនោរម្យ ១+២ (ស្រុកបន្ទាយអំពិល)
* អគារសិក្សានៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ (ស្រុកត្រពាំងប្រាសាទ)
* អគារសិក្សានៅសាលាបឋមសិក្សា អូរគគី (ស្រុកអន្លង់វែង)
* អគារសិក្សានៅសាលាបឋមសិក្សា សន្តិភាព (ស្រុកអន្លង់វែង)
* អគារសិក្សានៅសាលាបឋមសិក្សា ជើងទៀន (ស្រុកចុងកាល់)
* អគារសិក្សានៅសាលាបឋមសិក្សា ថ្នល់បត់ (ក្រុងសំរោង)
* អគារសិក្សានៅសាលាបឋមសិក្សា គិរីវន្តសែនជ័យ (ក្រុងសំរោង)៕