(ភ្នំពេញ)៖ សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសហភាពសហជីពការងារសន្តិភាព សមាគមសាមគ្គីអាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព និងសមាគមសារព័ត៌មានសុក្រឹត បានចេញញត្តិ គាំទ្រប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនបានអនុញ្ញាតឱ្យរថយន្តតាក់ស៊ីអគ្គិសនី របស់បរទេស និងប្រទេសជិតខាងចូលមកប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
តាមរយៈញត្តិគាំទ្ររបស់សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញការគាំទ្រចំពោះប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសារសំឡេងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេចមិនបានអនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណរថយន្តតាក់ស៊ីអគ្គិសនីរបស់បរទេស និងប្រទេសជិតខាង ចូលមកប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បញ្ជាក់តាមរយៈញត្តិគាំទ្រនោះបញ្ជាក់ថា តាមរយៈសារសំឡេងពិសេស សម្តេចមហាបវរធិបតី ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា មានចិត្តរំភើប រីករាយយ៉ាងក្រៃលែង ជាពិសេសបងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប កង់បី សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរថយន្តតាក់ស៊ីគ្រប់ប្រភេទ។
ប្រភពដដែលបន្ថែមថា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់តាមបណ្តារាជធានីខេត្ត សូមគាំទនៅសារសំឡេងដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយជាតិយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ដែលតែងតែគិតគូរដល់សុខទុក្ខ របស់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប កង់បី និងរថយន្តតាក់ស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រឆាំងដាច់ខាត និងថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាញុះញង់បង្កើតនូវព័ត៌មានមិនពិត ឱ្យប្រជាពលរដ្ឋយល់ច្រឡំ ចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា បានអនុញ្ញាតឱ្យរថយន្តតាក់ស៊ីអគ្គីសនីបរទេសមកប្រកបអាជីវកម្មនៅកម្ពុជា៕