(ភ្នំពេញ)៖ “ពីខែមករាដល់ខែមេសាឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា មានតម្លៃជិត៤ពាន់ ៥រយលានដុល្លារអាមេរិក ដែលកើនឡើង១៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ពីខែមករាដល់ខែមីនា ទំហំវិនិយោគតាមកិច្ចព្រមព្រៀង នៃគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលកម្ពុជាបានអនុម័តមានតម្លៃ ឡើងដល់៤៥៥លានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគផ្ទាល់មកពីប្រទេសចិនត្រូវជា៩៥ភាគរយ ។ ពីថ្ងៃទី៤ខែកក្កដា ដល់ថ្ងៃទី៤ខែសីហា សកម្មភាពចាក់បញ្ចាំងភាពយន្តតំបន់ហុងកុងបានរៀបចំធ្វើជាលើកដំបូងនៅក្រុងភ្នំពេញ រាជធានីប្រទេសកម្ពុជា។

ពេលថ្មីៗកន្លងទៅនេះ ក្រុមវេជ្ជសាស្ត្របុរាណចិនដែលផ្តល់ជំនួយដល់កម្ពុជា ជើងទីបីបានមកដល់ក្រុងភ្នំពេញ ។ល។” ប្រទេសទាំងពីរចិននិងកម្ពុជាជាមិត្តភក្តិដែកថែប ដែលចេះជួយយកអាសាគ្នាទៅវិញទៅមក និងរួមសុខរួមទុក្ខជាប់រហូតមក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានរក្សាការប្រាស្រ័យទាក់ទងដ៏មេត្រីភាព ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក បន្តជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់។

ពេលជួបពិភាក្សាកាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០២៣ លោកប្រធានរដ្ឋចិន Xi Jinping និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានរួមគ្នាប្រកាសកំណត់យកឆ្នាំ២០២៤ជា “ឆ្នាំផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនចិន-កម្ពុជា” ដែលតម្រង់ទិសដៅយ៉ាងច្បាស់លាស់ចំពោះ ការកសាងសហគមន៍រួមវាសនាចិននិងកម្ពុជាក្នុងយុគសម័យថ្មី និងជំរុញឱ្យទំនាក់ទំនងរវាងចិននិងកម្ពុជា រីកចម្រើនទៅរកភាពកាន់តែល្អប្រសើរ។

ធនាគារពិភពលោកបានចេញរបាយការណ៍ នៅខែមិថុនាបង្ហាញឱ្យដឹងថា សារសំខាន់របស់ចិនក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានលើកកម្ពស់ ថែមមួយកម្រិតទៀត ។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ប្រទេសចិនជា ប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា ជាប់រហូតមក ដែលសមាមាត្រវិនិយោគ បានលើកកម្ពស់ជាបន្តបន្ទាប់ ។ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចឆ្នាំនេះរបស់កម្ពុជា នឹងឡើងដល់៥,៨ភាគរយ ហើយល្បឿនកំណើននៃឆ្នាំ២០២៥នឹងត្រូវជា៦,១ភាគរយ។

តាមរបាយការណ៍នៃគណៈកម្មាធិការអភិវឌ្ឍន៍របស់កម្ពុជាឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័តលើគម្រោងវិនិយោគថ្មីនិងពង្រីកផលិតកម្មសរុប១៥៣គម្រោង ដែលមានទំហំវិនិយោគតាមកិច្ចព្រមព្រៀង ឡើងដល់២ពាន់៧រយ៥៩លានដុល្លារអាមេរិក ក្នុងនោះ ការវិនិយោគមកពីប្រទេសចិន ប្រហែលមានតម្លៃ១ពាន់២រយលានដុល្លារអាមេរិក ត្រូវជា៤៣,៥ភាគរយនៃទំហំវិនិយោគសរុប ទាំងក្នុងនិងក្រៅប្រទេស ពោលគឺ ប្រទេសចិនកាន់លំដាប់ថ្នាក់ទី១ ក្នុងចំណោមប្រភពវិនិយោគរបស់ប្រទេសកម្ពុជាដោយនឹងនរ។

ទន្ទឹមនឹងការអនុញ្ញាតឱ្យកសិផល ប្រកបដោយគុណភាពល្អរបស់កម្ពុជា ចូលទីផ្សារប្រទេសចិនត្រូវបានពង្រីក ចិនបានក្លាយជាទីផ្សារដ៏សំខាន់ នៃកសិផលដូចជាអង្ករ ចេក ស្វាយនិងមៀនជាដើមរបស់កម្ពុជា ដែលជំរុញយ៉ាងខ្លាំងនូវកំណើន នៃការនាំចេញកសិផលរបស់កម្ពុជា។ ការនាំចេញកសិផលកម្ពុជា បានកើនឡើងជិត៤ដងក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ការនាំចេញកសិផលកម្ពុជានៅត្រីមាសទីមួយឆ្នាំនេះ បានកើនឡើង២៨,១ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ដែលឡើងដល់១ពាន់១រយលានដុល្លារអាមេរិក។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរចិនទៅកាន់កម្ពុជា ក៏បានកើនឡើងជាបន្តបន្ទាប់ដែរ ។ តាមស្ថិតិនៃក្រសួងទេសចរណ៍កម្ពុជា ឱ្យដឹងថា នៅមុនពេលផ្ទុះជំងឺកូវីដ១៩កាលពីឆ្នាំ២០១៩ ប្រទេសចិន ជាប្រភពភ្ញៀវទេសចរធំបំផុតរបស់កម្ពុជា។ បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ភ្ញៀវទេសចរចិន ដែលទៅធ្វើទេសចរណ៍នៅប្រទេសកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ នៅឆ្នាំ២០២៣មានភ្ញៀវទេសចរចិន ជិត៥សែន៥ម៉ឺននាក់បានចូលដែនកម្ពុជា។ នៅត្រីមាសទីមួយឆ្នាំនេះ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរចិនសរុប១សែន៩ម៉ឺននាក់ ដែលកើនឡើង៤៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។

នៅដើមឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែង ក្នុងសារលិខិតអបអរសាទរ ចំពោះការបើកសកម្មភាព “ឆ្នាំផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន”ថា លោកនឹងបន្តគាំទ្រគំនិតផ្តួចផ្ដើមស្ដីពី “ខ្សែក្រវាត់និងផ្លូវ” ជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជានិងចិន ខិតខំប្រឹងប្រែងជាប់ជានិច្ច ដើម្បីពង្រឹងមិត្តភាពប្រពៃណី រវាងកម្ពុជានិងចិន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើ វិស័យនានាមានភាពកាន់តែស៊ីជម្រៅ។ នៅឆ្នាំ២០២៤ កម្ពុជានឹងខិតខំប្រឹងប្រែង ទាក់ទាញអ្នកទេសចរនិងវិនិយោគិនចិនកាន់តែច្រើន ទៅធ្វើទេសចរណ៍និងវិនិយោគនៅប្រទេសកម្ពុជា សាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជានិងចិនមុខជានឹងមានភាពកាន់តែខ្លាំងក្លា ស្ថិរភាពនិងចីរភាព វានឹងជំរុញការកសាងសហគមន៍រួមវាសនា រវាងកម្ពុជានិងចិនថែមមួយកម្រិតទៀត ជាក់ជាមិនខាន។

មិត្តភាពដែកថែបរវាងចិននិងកម្ពុជា ដែលរួមគ្នាពូនជ្រំយ៉ាងម៉ត់ចត់ដោយ ថ្នាក់ដឹកនាំគ្រប់ជំនាន់របស់ប្រទេសទាំងពីរ ចិននិងកម្ពុជាមានភាពកាន់តែរឹងមាំជានិរន្តរ៍។ ក្នុងបរិបទនៃយុគសម័យថ្មី ប្រទេសទាំងពីរចិននិងកម្ពុជា មិនបំភ្លេចគោលបំណងដើម រឹតចំណងមិត្តភាពឱ្យបន្តទៅ គ្រប់ជំនាន់យ៉ាងមុតមាំមិនងាករេ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកយ៉ាងមុតមាំមិនងាករេ និងពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ក្នុងយុគសម័យ ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់យ៉ាងមុតមាំមិនងាករេ ដើម្បីបង្កើតជាគំរូក្នុងការកសាង សហគមន៍រួមវាសនា៕

វិទ្យុមិត្តភាពកម្ពុជាចិន