(ភ្នំពេញ)៖ នារដូវវស្សា ដែលមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ប៉ុន្តែការជីកប្រឡាយ នៅតែបន្ត បើទោះជាជួបឧបសគ្គយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងនេះ នៅចំណុចដីខ្សាច់ជួបបញ្ហា ហៅថា ខួរអណ្តែង ធ្វើឲ្យផុង ជាប់អេស្កា ពិបាកចល័ត ហើយការបោះអាចម៍ដីធ្វើទំនប់មិនបានខ្ពស់ល្អ មាត់ច្រាំងងាយបាក់ស្រុក ទឹកហូរច្រោះតាមបាតប្រឡាយ និងលំបាកដឹកជញ្ជូន ប្រេង អាហារប្រចាំថ្ងៃ និង សំភារៈចាំបាច់ពេលខូចម្តងៗ។
ដោយឡែក ឧបសគ្គធំជាងគេមិនមែនរឿងខាងលើនោះទេ គឺ «ឧទ្យាននៅខ្វះថវិកាប្រមាណជា ៦ម៉ឺនដុល្លារទៀត សម្រាប់ជីកប្រឡាយក្រវាត់ព្រំគោក។ ចំពោះព្រំទឹក ខាងក្រសួងធនធាននឹងជួយជីកស្តារនៅឆ្នាំក្រោយនេះ បច្ចេកទេសក្រសួងបានចុះមកពិនិត្យរួចហើយ»។ នេះបើតាម លោក សូត សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News។
រយៈពេល ៧១ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ «គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប» នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ជីកប្រឡាយព្រំគោកបានប្រវែង ២០គីឡូម៉ែត្រហើយ ដែលស្មើរនឹង ៣៨% នៃការជីកប្រឡាយសរុប ប៉ុន្តែខ្វះថវិកាប្រមាណ៦ម៉ឺនដុល្លារ សម្រាប់ការជីកបន្ត។
គួរបញ្ជាក់ថា គម្រោងនេះត្រូវការថវិកាសរុបប្រមាណ៥៣ម៉ឺនដុល្លារ ដើម្បីជីកប្រឡាយក្រវាត់ជុំវិញឧទ្យានតេជោសែនឫស្សីត្រឹប ប្រវែង៥៣គីឡូម៉ែត្រ ក្នុងនោះមានជម្រៅ២.៥ម៉ែត្រ ទទឹង៦ម៉ែត្រ។
«គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប» ជាគំនិតផ្ដួចផ្ដើមរបស់ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលគ្រោងសាងសង់កាលពី៤ឆ្នាំមុន។ កន្លងទៅ ដោយមានការលំបាកក្នុងការរង់ចាំថវិកាគាំទ្ររបស់រាជរដ្ឋាភិបាល រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតចលនាសប្បុរសធម៌ កៀរគរថវិកាពីសប្បុរសជនជំនួសវិញ ដើម្បីជីកប្រឡាយឱ្យបានឆាប់ដំណើរការ។ បន្ទាប់ពីមានការអំពាវនាវរបស់ លោកបណ្ឌិត សុខ ទូច និងរាជបណ្ឌិត្យសភាកម្ពុជា មានសប្បុរសជនជាច្រើន ក្នុងនោះក៏មានតាំងពីថ្នាក់ដឹកនាំ រហូតដល់ប្រជាពលរដ្ឋធម្មតា បានចូលរួមបរិច្ចាគថវិកាផ្ទាល់ទាំងតិច និងច្រើនឧបត្ថម្ភគាំទ្រចំពោះគម្រោងនេះជាបន្តបន្ទាប់។
ឧទ្យានជាតិតេជាសែនឫស្សីត្រឹប មានផ្ទៃក្រឡាសរុប១១៤,៣៥ ហិចតា គឺជាឧទ្យានជាតិផ្នែកបុរាណវិទ្យា វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ធម្មជាតិ ដែលសម្បូរទៅដោយព្រៃឈើ សត្វព្រៃ ក្នុងនោះមាន សត្វស្លាប ១៥០ប្រភេទ ល្មូន សត្វជើងបួន…និងជីវចម្រុះជាដើម។ ឧទ្យានជាតិ ក៏មានរ៉ែដែក រ៉ែមាស ប្រភេទឈើប្រណីតលេខ១ លេខ២ ប្រមាណ៣០០ប្រភេទ និងត្រពាំងធម្មជាតិ ត្រពាំងសាឡុងដែលជីកដោយស្នាដៃមនុស្សសម្រាប់យកទៅធ្វើសាឡុង។ ឧទ្យានជាតិដែលស្ថិតក្នុងឃុំឆែបកើត និងឃុំឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ មិនត្រឹមតែសម្បូរធនធានធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជាតំបន់ស្លដែកបុរាណដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ និងមានជនជាតិភាគតិចកួយ ដែលរស់នៅប្រកបរបរស្លដែកនេះ៕