(បន្ទាយមានជ័យ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន កីឡាខេត្តបន្ទាយមានជ័យ ក្នុងនោះលោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោកគ្រូ អ្នកគ្រូ ប្រហែល៣០០នាក់បានចូលរួម នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
លោក ឈួ ប៊ុនរឿង បានបញ្ជាក់ថា តាមរបាយការណ៍សង្ខេបអំពីសមិទ្ធផលសម្រេចបានក្នុងវិស័យអប់រំក្នុងបច្ចុប្បន្នមាន៖ ១.គ្រឹះស្ថានសិក្សាសាធារណៈទូទៅក្នុងខេត្តមានចំនួន ៨២១កន្លែង ២.គ្រឹះស្ថានសិក្សាឯកជនចំណេះទូទៅ មានចំនួន ១៥៨កន្លែង ៣.មានវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសមានចំនួន២កន្លែង ៤.គ្រឹះស្ថានឧត្តមសិក្សាទូទាំងខេត្តមានចំនួន៤កន្លែង និង វិទ្យាស្ថានពហុបច្ចេកទេសខេត្ត។
លោកបានបញ្ជាក់ថា គិតមកត្រឹមខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អគារសិក្សាចំនួន២០២ខ្នង ស្មើនឹង១៦៤០បន្ទប់ ក្នុងនោះមានម៉ាសុីនកាត់ដេចំនួន ៣៧០គ្រឿង ម៉ាសុីនថតចំលងមានចំនួន ១១គ្រឿង ម៉ាសុីនព្រីនធ័រ ចំនួន២០គ្រឿង។
ក្នុងនោះ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ បានផ្តល់អាគារសិក្សា បណ្ណាល័យ ទីចាត់ការ និងផ្ទះគ្រូសរុបចំនួន ៨៤ខ្នង ស្មើរនិង៤១៥បន្ទប់។ លោកបានបញ្ជាក់ថា ឆ្នាំ២០២៣ បេក្ខជនប្រឡង ទាំងអស់ គោរពតាមគោលការណ៍ប្រឡងបាក់ឌុបបានល្អ មានវិន័យតឹងរឹងខ្លាំង ការប្រឡងនេះ មានស្តង់ដារ គុណភាពខ្ពស់ បេក្ខជន បេក្ខនារី គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡង ពោលគឺគោរពតាមបទបញ្ជាបទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ បានគ្រប់ជ្រុងជ្រោយទាំងអស់ អ្នកចេះ គឺជាប់ បេក្ខជននិងបេក្ខនារី មិនបានផ្ទុយនិងបទបញ្ញត្តិ និងកម្រិតវិន័យរបស់ក្រសួងអប់រំឡើយ។
ក្នុងឱកាសនោះបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរលោកគ្រូអ្នកគ្រូទាំងបានយកចិត្តទុក ដាក់ក្នុងការបង្រៀនសិស្ស ហើយបានជំរុញឲ្យសិស្សមានការប្រកួតប្រជែងផងដែរដើម្បីសម្រេចឲ្យបានចំគោលដៅនៃការផ្សារភ្ជាប់ទៅកាន់ការអប់រំថ្នាក់ឧត្តមសិក្សា និងការកសាងវិជ្ជាជីវៈផ្ទាល់ខ្លួន។
ការផ្តួចផ្តើមឲ្យមានការប្រកួតប្រជែងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនេះទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ដោយមានការបញ្ចូលបន្ថែមជាមួយសិល្បៈមនុស្សសាស្រ្ត នៅថ្ងៃអនាគតផងដែរ៕