(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ប្រតិបត្តិការរុករក ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ពេលកំពុងហ្វឹកហ្វឺន។
នេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្ម ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។
បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ, រយៈពេល៥ថ្ងៃនេះប្រតិបត្តិការរុករកនេះ មិនទាន់មានតម្រុយណាមួយពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបានបាត់ការទាក់ទងនោះនៅឡើយទេ។
សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រ ១គ្រឿងនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ ពោលគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់៕