(សៀមរាប)៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ធិន រួន ចៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប បានដឹកនាំប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ ដើម្បីដាំកូនឈើចម្រុះប្រមាណជិត១.០០០ដើម ដោយដាំអមសងខាងផ្លូវ ចាប់ពីភូមិតាចក រហូតដល់តំបន់ទំនប់៧៨ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ដើម្បីលើកម្ពស់សោភ័ណភាព និងបរិស្ថានឱ្យមានភាពបៃតង ជាពិសេសកាត់បន្ថយកម្ដៅថែមទាំងធ្វើឱ្យ មានម្លប់ត្រជាក់នៅក្នុងមូលដ្ឋានផងដែរ។

លោកស្រី ធិវ រួន បានឲ្យដឹងថា ការដឹកនាំប្រជាពលរដ្ឋ និងសិស្សានុសិស្សចុះដាំកូនឈើចម្រុះតាមដងផ្លូវនាពេលនេះ គឺមានអត្ថន័យដ៏ជ្រាលជ្រៅមណាស់សម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅជាប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម និងមូលដ្ឋានផងដែរ។

លោកស្រីបានបន្តថា ការដាំកូនឈើអមសងខាងផ្លូវនេះ ដើម្បីលើកម្ពស់សោភ័ណភាព និងបរិស្ថាន និងដើម្បីចូលរួមចំណែកលើកកម្ពស់សម្រស់ទីក្រុងសៀមរាប ឱ្យមានភាពបៃតងទាក់ទាញភ្ញៀវទេសចរបានមួយកម្រិត ជាពិសេសកាត់បន្ថយកម្ដៅបានមួយកម្រិតនៅពេលដែលកូនឈើទាំងនោះលូតលាស់ឡើង ដែលធ្វើឱ្យមានសម្រស់ស្រស់បំព្រងទេ ថែមទាំងធ្វើឱ្យមានម្លប់ត្រជាក់។

លោកស្រី ធិវ រួន បានបន្តទៀតថា ការដាំដើមឈើដើមតាមដងផ្លូវនេះ មិនមែនដាំតែថ្ងៃនេះទេ អាជ្ញាធរសង្កាត់ស្រង៉ែ និងបន្តការដាំបន្ថែមលើកក្រោយៗទៀត និងបន្តការដាំជួសនូវកូនឈើណាដែលមិនលូតលាស់ល្អ ដូចជាងាប់ជាដើមផងដែរ។

ជាមួយនេះដែរ​​​​​ លោកស្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវទាំងអស់ ដែលអាជ្ញាធរបានដាំកូនឈើ សូមចូលរួមថែទាំ ស្រោចទឹក និងដាក់ជីដើមឈើ ដែលមាននៅមុខគេហដ្ឋានរបស់ខ្លួនឲ្យបានជាប់ជាប្រចាំផង និងត្រូវចូលរួមថែរក្សាការពារនូវសមិទ្ធផលទាំងអស់នេះ ដើម្បីធ្វើឲ្យកូនឈើទាំងនេះលូតលាស់ធំធាត់ឆាប់រហ័ស បានគង់វង្ស និងមានភាពស្រស់បំព្រងក្នុងមូលដ្ឋានជានិរន្តផងដែរ៕