(កោះកុង)៖ លោក វង្ស តារា ប្រធានសហគមន៍ពាមក្រសោប និងជាអ្នកចិញ្ចឹមគ្រំចំពុះទា បានលើកឡើងថា ផលិតផលគ្រំចំពុះទា ទទួលបានការបញ្ជាទិញប្រមាណជិត៣០% សម្រាប់ទីផ្សារក្នុងស្រុក ក្រោយទទួលបានជំនួយពីគម្រោង UNIDO និង Capfish-Capture ខណៈពីមុនមានត្រឹមតែ ៥%ប៉ុណ្ណោះ ។
ការលើកឡើងបែបនេះរបស់លោក ធ្វើឡើងក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសមិទ្ធផលគម្រោងក្រោមប្រធានបទ «ការទទួលស្គាល់ក្នុងស្រុក និងជាសកលសម្រាប់ផលិតផលជលផល» ក្រោមការដឹកនាំផ្ទាល់របស់កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរដ្ឋបាលជលផល (FIA), លោក BRYAN FORNARI តំណាងសហភាពអឺរុបប្រចាំប្រទេសកម្ពុជា, លោក សុខ ណារិន តំណាងរបស់អង្គការ UNIDO និងអ្នកសារព័ត៌មានជាង៤០រូបផងដែរ។
ទន្ទឹមនឹងនេះ លោកបានមានប្រសាសន៍ថា លោកចាប់ផ្ដើមចិញ្ចឹមគ្រំចំពុះទាជាលក្ខណៈគ្រួសារមានរយៈពេល ៣០ឆ្នាំហើយ ដោយថ្មីៗនេះលោកចាប់ផ្ដើមបើកជាសហគ្រាសផលិត និងកែច្នៃសាច់គ្រំចំពុះទាឱ្យមានលក្ខណៈស្ដង់ដារ សម្រាប់ចែកចាយលើទីផ្សារ និងអាចនាំចេញទៅក្រៅប្រទេសបាន ហើយក្នុងដំណើរការកែច្នៃសាច់គ្រំ ដើម្បីនាំចេញសិប្បកម្មរបស់លោកមានលក់ទាំងមូល លក់បកសំបកមួយចំហៀងនិងលក់សាច់សុទ្ធ គ្រំចំពុះទាត្រូវចំណាយពេលចិញ្ចឹម១០ទៅ១២ខែ ទើបអាចប្រមូលផលយកមកលក់នៅលើទីផ្សារបាន។
ប្រធានសហគមន៍ពាមក្រសោបរូបនេះ បានលើកឡើងថា ក្នុងសហគ្រាសរបស់លោកអាចផ្គត់ផ្គង់គ្រំចំពុះទាចន្លោះពី១តោនក្នុងមួយថ្ងៃ សម្រាប់ចែកចាយនៅលើទីផ្សារក្នុងស្រុកទាំងអស់ ដោយបកយកសាច់សុទ្ធយកទៅសម្ងួតក្នុងបន្ទប់កម្ដៅដើរដោយសូឡូ។
សហគ្រិនវ័យ ៥៨ឆ្នាំ បានបញ្ជាក់ថា ក្នុងការលក់ទាំងមូលគឺនៅពេលប្រមូលគ្រំពីក្នុងទឹក ត្រូវយកមកលាងដុសកាត់ព្រុយឱ្យស្អាតកុំឱ្យជាប់ខ្យងច្រើនដែលលាយឡំមកជាមួយ បន្ទាប់មកត្រូវយកទៅស្រុះឱ្យឆ្អិន ហើយវះយកសាច់ចេញ និងចុងក្រោយរៀបចំវេចខ្ចប់ដោយប្រើម៉ាស៊ីនបឺតខ្យល់ ដើម្បីរក្សានូវគុណភាព និងផ្ដល់ភាពងាយស្រួលដាក់កេសបញ្ជូនមកឱ្យអតិថិជន។
លោកបានបញ្ជាក់ថាសាច់គ្រំចំពុះទាអាចយកទៅច្នៃធ្វើជាម្ហូបបានច្រើនយ៉ាងដូចជា ស្ងោរស៊ុប ស្លរម្ជូរគ្រឿង ដាក់ជាមួយភីហ្សា ញ៉ាំ ឆាក្ដៅជាដើម ដែលសាច់របស់វាមានរសជាតិឆ្ងាញ់ ហើយជាពិសេសជួយដល់សុខភាពថែមទៀតផង ដោយវាសម្បូរទៅដោយសារជាតិចិញ្ចឹម ដែលប្រឆាំងទៅនឹងជម្ងឺរលាកសន្លាក់, ជម្ងឺហឺតជាដើម។
ការចិញ្ចឹមសាច់គ្រំចំពុះទានេះ លោកក៏បានលើកពីកត្តាប្រឈមខ្លះដែរ គឺពេលចិញ្ចឹមបានមិនសូវមានទីផ្សារ មួយវិញទៀតកត្តាធម្មជាតិនៅពេលដែលមានទឹកជំនន់ជន់មកម្ដងៗ បាននាំយកទឹកសាបមកជាមួយ ជាហេតុធ្វើឱ្យគ្រំចំពុះទាងាប់ព្រោះមិនអាចរស់ក្នុងទឹកសាបបាន។
បន្ថែមពីនេះ លោក វង្ស តារា បានគូសបញ្ជាក់ថា៖ «សព្វថ្ងៃនេះខ្ញុំបានប្រមូលផលបានពី២,៥០០ ទៅ៣,០០០តោន នេះសម្រាប់តែសហគមន៍ពាមក្រសោបទេ តែដោយឡែកមានសហគមន៍ជិតខាងខ្ញុំនេះក៏មានអ្នកចិញ្ចឹមផងដែរ អ៊ីចឹងចំនួននេះវាកើនដល់៦,០០០ ទៅ៧,០០០តោនក្នុងមួយឆ្នាំ តែសម្រាប់ទីផ្សារក្នុងស្រុកពេលមិនទាន់មានគម្រោងជួយគាំទ្រ ផលិតផលផ្គត់ផ្គង់បានតែ៥ ទៅ១០% ប៉ុន្តែក្រោយមានគម្រោង (UNIDO និង Capfish-Capture), មន្រ្តីរដ្ឋបាលជលផលជួយ, ក្រសួងបរិស្ថាន, ក្រសួងព័ត៌មានក៏បានចូលរួមជួយផងនោះ ធ្វើឱ្យការបញ្ជាទិញមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់សព្វថ្ងៃនេះបានផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកប្រមាណ២០% ទៅ២៥% ឯណោះ»។
សហគមន៍ពាមក្រសោប បាននឹងកំពុងសហការជាមួយសាកលវិទ្យាល័យតិចណូ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានត្រួតពិនិត្យទៅលើបច្ចេកទេស គុណភាព អាយុកាលនៃគ្រំចំពុះទា ដែលបានផ្ដល់លទ្ធផលបន្ទាប់ពីការពិសោធន៍ថា សាច់គ្រំនេះអាចរក្សាទុកបានក្នុងរយៈពេល៣ខែ ដែលមិនមានការប្រែប្រួលនូវពណ៌ឬរសជាតិនោះទេ។
ជាមួយគ្នានេះ លោក BRYAN FORNARI តំណាងសហភាពអឺរុបប្រចាំប្រទេសកម្ពុជា បានចូលរួមត្រេកអរចំពោះលោក វង្ស តារា សម្រាប់ការរីកចម្រើនអាជីវកម្មរបស់ខ្លួន ហើយលោកក៏បានបញ្ជាក់ផងដែរថា ការដែលជួយគាំទ្រពីគម្រោង ឬម្ចាស់ជំនួយ ខាងបច្ចេកទេសនិងការវិនិយោគទៅលើសម្ភារបរិក្ខារផ្សេងៗ ពិតជាបានជួយបន្ថែមតម្លៃទៅលើផលិតផលជលផលរបស់កម្ពុជា ជាពិសេសបានជួយលើកកម្ពស់ជីវភាពដល់ប្រជាពលរដ្ឋកម្ពុជាថែមទៀតផង។
តំណាងសហភាពអឺរុបប្រចាំប្រទេសកម្ពុជារូបនេះ បានបន្តថាក្នុងនាមសហភាពអឺរ៉ុបគឺពិតជាមានទឹកចិត្តរីករាយ ក្នុងការគាំទ្រសហការជាមួយនឹងក្រសួងកសិកម្ម រុក្ខាម្រាញ់ និងនេសាទ និងអង្គការយូនីដូជាដើម ក្នុងការជួយលើកកម្ពស់ការងារកែច្នៃ គាំទ្រទៅលើផ្នែកផ្សេងៗរាប់ចាប់ពីបច្ចេកទេសកែច្នៃ ការបន្ថែមតម្លៃទៅលើផលិតផល ដែលការងារទាំងនេះមានសក្តានុពលខ្លាំងណាស់ក្នុងការរីកចម្រើនទៅមុខបន្តទៀត។
សូមជម្រាបថា គម្រោង Capfish-Capture រៀបចំឡើងក្នុងគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យជលផលក្រោយប្រមូលផល និងមានគោលបំណងអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលជលផល ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ននៃអាជ្ញាធរមានសមត្ថកិច្ច ក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យគុណភាពសុវត្ថិភាពផលិតផលជលផល ជួយគាំទ្រដល់វិស័យឯកជនក្នុងការអភិវឌ្ឍ ការកែច្នៃផលជលផលតាមរយៈការកសាងសមត្ថភាពជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ការគាំទ្រថវិកា វិនិយោគ និងការបង្កើតយន្តការគាំទ្រដល់ធុរកិច្ច ធានាបាននូវនិរន្តរភាពសម្រាប់វិស័យនេះ៕