(កំពង់ឆ្នាំង)៖ លោក ភួង សោ ភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងរៀបចំផែនការវេទិកាសាធារណៈរបស់ក្រុមការងារ ដើម្បីឆ្លើយតបទៅនឹងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូ លដ្ឋានស្រុករលាប្អៀរ ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះតាមបណ្ដាឃុំទាំង១៤ទូទាំងស្រុក និងសមាជិកសមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ សរុបមានចំនួនជាង១០០នាក់។
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ បានឡើងអានរបាយការណ៍ប្រចាំឆមាសទី១ និងបង្ហាញពីសកម្មភាព និងលទ្ធផលរបស់ក្រុមការងារ រាជរដ្ឋាភិបាលបានចុះបំពេញភារកិច្ចនៅតាមមូលដ្ឋានក្នុងឃុំទាំង១៤ទូទាំងស្រុកនាពេលកន្លងមក។
លោកបានលើកឡើងថា សកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលាប្អៀរ គឺបានយកចិត្តទុកដាក់ជាពិសេសចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងនោះក្រុមការងាររាជរដ្ឋាភិបាលក៏បានចាត់តាំងតំណាង ចុះដោះស្រាយនូវរាល់សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពល រដ្ឋនៅមូលដ្ឋានជាប្រចាំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់ រក្សាបាននូវកំណើនសេដ្ឋកិច្ច ពិសេសគឺបន្សាប បាននូវឥទ្ធិពលនៃការភូតកុហកបោកប្រាស់របស់ក្រុមជនអគតិ ស្ថាប័ន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិមួយចំនួនដែលតែងតែលំអៀង បំផ្លឹសសភាពការណ៍ពិត បំពុលបរិយាកាសសង្គមរំខានដល់ភាពសុខដុមរមនា និងការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
នៅក្នុងពិធីនោះ លោក ភួង សោភា ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីស្រឡាញ់ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរទាំងអស់ដែលបានអញ្ជើញចូលរួមប្រជុំនៅថ្ងៃនេះ។
ក្នុងនាមលោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ លោកក៏សូមផ្ដល់នូវអនុសាសន៍ដ៏មានសារៈសំខាន់មួយចំនួនជូនដល់សមាជិករាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលារបៀរទាំង១ ៤ឃុំ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានបន្តថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានតួនាទីតម្រង់ទិសគាំទ្រនិងជំរុញការលើកកម្ពស់សម ត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវ ឌ្ឍន៍មូលដ្ឋានលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើរ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
លោកបន្ថែមថា ផ្អែកលើតួនាទីដ៏មានសារៈសំខាន់ខាងលើនេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានភារកិច្ចសំខាន់ជាច្រើន ពិសេសគឺត្រូវសហការគាំទ្រដល់មូលដ្ឋានដែលក្រុមការងារចុះបំពេញការងារ ធ្វើការវាយតម្លៃអំពីសមត្ថភាពស្ថាប័នធនធានមនុស្ស និងសក្តានុពលនៃការអភិវឌ្ឍន៍មូលដ្ឋានសមិទ្ធផ ល បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានដើម្បីធ្វើការគាំទ្រដល់មូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពសម្រាប់អ នុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅជំរុញការអភិវឌ្ឍមូលដ្ឋានផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានានៅមូលដ្ឋានឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ ក៏បានជំរុញឱ្យមានការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានឱ្យបានទាំង១៤ឃុំ និងត្រូវរៀបចំធ្វើឱ្យបានឆាប់ដែលអាចធ្វើទៅបាន គឺដើម្បីជាកិច្ចឆ្លើយតបទៅនឹងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលពួកគាត់កំពុងជួបនូវទុក្ខកង្វល់ផ្សេងៗ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ចំពោះការរៀបចំវេទិកាសាធារណៈនេះដែរ គឺលោកប្រធានជំរុញឱ្យរៀបចំធ្វើទាំង១៤ឃុំ និងត្រូវកំណត់ធ្វើនៅថ្ងៃទី២៥ ឬថ្ងៃណាក៏បានតែត្រូវធ្វើក្នុងខែកក្កដានេះ ឱ្យបានទូទាំងស្រុករលាប្អៀរទាំងមូល៕