(សៀមរាប)៖ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF។ ពិធីនេះ ក្រោមវត្តមាន លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក តំណាងអង្គការដៃគូរ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក មេឃុំ ភូមិ និងសិស្សានុសិស្សចំនួន ២៦៨នាក់ ស្ថិតនៅបរិវេនសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោក អ៉ឹង គឹមលាង បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ ជាផ្នែកមួយយ៉ាងសំខាន់ដែលមិនអាចខ្វះបានក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកបានបន្តថា ដោយមើលឃើញច្បាស់ពីផលប៉ះពាល់ អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត ការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាល និងបណ្តាដៃគូរអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ បានខិតខំយ៉ាងខ្លាំងក្លា ក្នុងការរិះរកនូវយុទ្ធសាស្ត្រគន្លឹះនានា វិភាគអំពីលទ្ធភាពនៃធនធាន ធ្វើយ៉ាងណាសម្រេចឱ្យបានគោលដៅ ដែលបានកំណត់ដោយរាជរដ្ឋាភិបាល។
លោក អ៉ឹង គឹមលាង បានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលស្រុក រដ្ឋបាលឃុំ ភូមិ និងអង្គការដៃគូរអភិវឌ្ឍន៍ទាំងអស់នៅក្នុងឆ្នាំ២០២៤ អត្រាគ្របដណ្តប់ផ្នែកអនាម័យ ក្នុងរង្វង់ ៩៧,២២% ភូមិODF មានចំនួន ៨៥៦ភូមិ ឃុំODFមាន ៨១ឃុំ, ស្រុកODF មានចំនួន៦ស្រុក ក្នុងនោះក៏មានស្រុកក្រឡាញ់ ជាស្រុកទី៥ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា មានស្រុកចំនួន៥ ដែលមានប្រជាពលរដ្ឋរស់នៅជាអចិន្ត្រៃយ៍ នៅលើទឹក៦ខែ លើគោក ៦ខែ និងខ្វះនូវបង្គន់អនាម័យប្រើប្រាស់ពុំសូវមានដៃគូរ អភិវឌ្ឍន៍ណាមួយចូលទៅគាំទ្រនៅតំបន់នោះឡើយ ក្រៅពីអង្គការផ្លែនអន្តរជាតិ គាំទ្រសាងសង់បង្គន់អនាម័យនៅតាមសាលារៀននៅភូមិបណ្តែតទឹក។ ការសម្រេចបានស្រុកក្រឡាញ់ ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF គឺពិតជាបានបង្ហាញឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋនៅសហគមន៍ រស់នៅប្រកបដោយភាពសុខដុមរមនា ចាកចេញផុតពីភាពក្រីក្រផងដែរ។
លោកបានស្នើសុំដល់អង្គការដៃគូរអភិវឌ្ឍន៍នានា សំខាន់អង្គការភ្លែនអន្តរជាតិ សុំបន្តគាំទ្រ និងពង្រីកនូវវិសាលភាព នៃកម្មវិធីជម្រុញការលើកកម្ពស់អនាម័យនេះបន្តទៀត នៅតាមសហគមន៍ ភូមិ ឃុំក្នុងខេត្តសៀមរាប ដើមី្បឈានទៅសម្រេចគោលដៅរបស់ក្រសួង និងរដ្ឋបាលខេត្ត បានដាក់គោលដៅ សម្រេចនៅឆ្នាំ២០២៤ ខេត្តសៀមរាប ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
តាមរបាយការណ៍របស់លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានលើកឡើងពីស្ថានភាព អនាម័យ ក្នុងខេត្តសៀមរាប នៅក្នុងឆ្នាំ២០២៤ អត្រាគ្របដណ្តប់ក្នុងកម្រិត ៩៧,២២% និងមានខ្នងផ្ទះមានបង្គន់អនាម័យផ្ទាល់ខ្លួន ចំនួន ២១៩ពាន់៤៣ ស្មើនឹង៩០.៧៩% និងខ្នងផ្ទះប្រើប្រាស់ បង្គន់រួម ចំនួន ១៥ពាន់៥១៥នាក់ ស្មើនឹង ៦,៤៣% និងខ្នងផ្ទះជុះពាសវាលពាសកាល មាន៦ពាន់៧០៥ ស្មើនឹង២.៧៨% ដែលជាខ្នងផ្ទះគ្មានបង្គន់ ក្នុងនោះផ្ទះនៅលើគោកមាន ៤ពាន់១៥១ និងនៅលើទឹកមាន ២ពាន់៥៥៤, ខ្នង ផ្ទះចំណាកស្រុក ៧ពាន់២០១ផងដែរ។
ចំពោះភូមិ ODF មាន៨៦៥ភូមិ (ភូមិមិនទាន់ ODF មាន៩០ភូមិ ក្នុងនោះរស់នៅលើទឹកជាប្រចាំ ៦ខែគោក ៦ខែទឹក មាន ២៣ភូមិ) និងឃុំ ODF មាន ៨១ឃុំ (ឃុំមិនទាន់ ODF មាន១៩ឃុំ ក្នុងនោះ នៅលើទឹក ១សង្កាត់ ៥ឃុំ និងលើគោក ១៤ឃុំ)។ ស្រុក ODF មាន៦ស្រុក មានស្រុកអង្គរជុំ បន្ទាយស្រី ស្រុកអង្គរធំ ស្រុកក្រឡាញ់ និងស្រុកប្រាសាទបាគង។ បញ្ហាប្រឈមរបស់មន្ទីរ ក្នុងការលើកកម្ពស់អនាម័យជនបទ សម្រាប់ប្រជាពលរដ្ឋ ដែលមានខ្នងផ្ទះរស់នៅ ៦ខែគោក ៦ខែទឹក រស់នៅជាប្រចាំ៕