(ភ្នំពេញ)៖ ក្រសួងយុត្ដិធម៌ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យដំណើរការជាផ្លូវការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» តាមរយៈ QR CODE លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌។ នេះបើតាមសេចជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា អនុលោមតាមអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងទាំងពីរបានឯកភាពដាក់ឲ្យដំណើរការជាផ្លូវការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
កិច្ចសហប្រតិបត្តិការនេះ ជាការធ្វើបរិវត្តកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តលើការផ្តល់សេវាសាធារណៈរបស់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាពិសេស គឺជាការ ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការ ដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានកំណត់យក បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹង និន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ឈានទៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ការដាក់ឲ្យដំណើរការនូវ «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» ដែលអាចផ្ទៀងផ្ទាត់តាមរយៈ QR Code លើព្រឹត្តិបត្រថ្កោលទោសលេខ ៣ របស់ក្រសួងយុត្តិធម៌ នឹងផ្តល់ភាពងាយស្រួលក្នុងការផ្ទៀង ផ្ទាត់ភាពត្រឹមត្រូវរបស់ព្រឹត្តិបត្រថ្កោលទោសលេខ ៣ នៃក្រសួងយុត្តិធម៌ ដោយគ្រាន់តែប្រើប្រាស់នូវម៉ាស៊ីន ថតរបស់ឧបករណ៍ឆ្លាតវៃក្នុងការស្កេន QR Code តែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា «ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» គឺជាថ្នាលបច្ចេកវិទ្យាឌីជីថលរបស់ រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវបានដាក់ឲ្យប្រើក្នុងគោលបំណង លុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវិត្តកម្មឌីជីថលស្របតាម ឧត្តមានុវត្តជាអន្តរជាតិ។
ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាលនេះ ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR C QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ៕