(កែប)៖ នាព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បានប្រារព្ធពិធីតែងតាំងផ្លាស់ប្តូរមុខតំណែង ថ្នាក់មេបញ្ជាការរង និងជានាយសេនាធិការខេត្ត ជូនលោកវរសេនីយ៍ឯក ម៉ាន់ ដាវីត នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកោះកុង បច្ចុប្បន្នជាមេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកែប ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង ស្រុក មេបញ្ជាការ កងអន្តរាគមន៍ ព្រមទាំងនាយ នាយរង កងរាជអាវុធហត្ថជាច្រើនរូបផងដែរ។
លោកវរសេនីយ៍ឯក ម៉ាន់ ដាវីត បានបញ្ជាក់ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយបំផុត ដែលត្រូវបានថ្នាក់ដឹកនាំតែងតាំងលោកក្នុងតួនាទី ជាមេបញ្ជាការរង និងជានាយសេនាធិការ។
ក្នុងនោះ លោកវរសេនីយ៍ឯក ម៉ាន់ ដាវីត ក៏បានធ្វើការប្តេជ្ញាចិត្ត ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្រប់ច្បាប់ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គោរពការចាត់តាំងរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ថ្នាក់ដឹកនាំរបស់កងរាជអាវុធហត្ថ និងកាពារបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់៕