(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំសិក្ខាកាមជាមន្ត្រីនៅរដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីនៅតាមបណ្តាខណ្ឌសង្កាត់ ឲ្យប្រកាន់ខ្ជាប់ការ ដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ ដោយយករូបមន្តឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
លោក កើត ឆែ លើកឡើងបែបនេះក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល ស្តីពី «ដំណាក់កាលនៃការសម្របសម្រួលដោះស្រាយវិវាទជំនាញទន់ និងក្រមសិលធម៌ របស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ» នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមជាគ្រូឧទ្ទេសលោក ចាយ ច័ន្ទតារាវណ្ណ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងអមដោយមេធាវី៥រូបជាវាគ្មិនផងដែរ។
លោក កើត ឆែ បានគូសបញ្ជាក់ថា មេរៀនថ្ងៃនេះជាទុនដ៏ធំជាមរតកមហាសាល នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន គឺចាក់ចំបេះដូង។ អាជ្ញាធរមូលដ្ឋានមានភារកិច្ចដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ ឈរលើអព្យាក្រឹតភាព និងមិនត្រូវក្បត់មនសិការរបស់ខ្លួនឡើយ។
អភិបាលរងរាជធានីភ្នំពេញ បានថ្លែងទៀតថា លោកលោកស្រីចំណាយពេលមកចូលរួមវគ្គបណ្តុះបណ្តាល «ដំណាក់កាលនៃការសម្របសម្រួលដោះស្រាយវិវាទជំនាញទន់ និងក្រមសីលធម៌ របស់មន្ត្រីសម្រុះសម្រួល ដោះស្រាយវិវាទ» ជាការចូលរួមអនុវត្តលើកកំពស់ការអនុវត្តច្បាប់ក្រៅប្រពន្ធ័តុលាការ ដើម្បីសុខដុមនីកម្មក្នុងសង្គម គឺប្រជាពលរដ្ឋឈ្នះទាំងអស់គ្នា ស្របតាមរូបមន្តមរតក ឈ្នះ ឈ្នះ របស់សម្តេចតេជោ ។
លោកបន្តទៀតថា «ដំណាក់កាល នៃការសម្របសម្រួលដោះស្រាយវិវាទជំនាញទន់ និងក្រមសីលធម៌ របស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ» គឺស្ថិតលើទិដ្ឋភាព ដែលពាក់ពន្ធ័នឹងការពង្រឹងការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ និងសូមកោតសរសើរ ចំពោះការសម្របសំរួលដែលជាវិធានការអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ផងដែរ។
លោកអភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ ដែលកើតមាននៅថ្នាក់មូលដ្ឋាន គឺកុំអោយគេឈ្លោះគ្នាផង និងបានបុណ្យកុសលផង ដោយប្រជាពលរដ្ឋទទួលបាននូវភាពសុខដមនីយ៍កម្ម ក្នុងសង្គម។
លោកបន្តថា ជាមន្ត្រីដោះស្រាយវិវាទ កុំបង្កផលលំបាកដល់ប្រជាពលរដ្ឋ ត្រូវយល់ថាទឹកភ្នែករាស្ត្រអាចក្លាយជាទឹកស្ទឹង ទឹកទន្លេ អាចពន្លិចទូកបាន។ មន្ត្រីត្រូវប្រកាន់ក្រមសិលធម៌ បើដោះស្រាយវិវាទប៉ះសាច់ញាតិខ្លួនឯង ត្រូវដកខ្លួនថយ ទុកឲ្យអ្នកផ្សេងគេដោះស្រាយវិញ៕