(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះចែកធុងសំរាម មួកសុវត្ថិភាព ស្ទិកឃ័រ និងអប់រំច្បាប់ចរាចរណ៍ នៅផ្សារកំពង់ស្ពឺ ក្នុងក្រុងច្បារមន ព្រមទាំងមានការចូលរួមពី លោក លោកស្រី ជាអភិបាលស្រុក ប្រធានមន្ទីរ ជុំវិញខេត្ត ជាច្រើននាក់ផងដែរ។ គ្រាដែលចុះចែកធុងសំរាមនេះ លោកអភិបាលខេត្ត ក៏បានជួប ជាមួយក្រុមអាជីវករផ្សាមួយចំនួន ដែលបានសុំណូមពរមកឲ្យអាជ្ញាធរដើម្បីដោះស្រាយបញ្ហាផងដែរ។
លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ធុងសំរាមដែលចែកជូនក្នុងឱកាសនោះមាន២០០ធុង ក្នុងនោះ៣០ធុង បានមកពីមន្ទីរបរិស្ថានខេត្ត និងសៀវភៅច្បាប់ចរាចរណ៍៣០០ក្បាល មួកសុវត្ថិភាព២០ ព្រមទាំងសៀវភៅ ស្តីពីការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ចំនួន ៣០០ច្បាប់ ផងដែរ។ លោកប្រធានមន្ទីរ បានបន្តថា ដោយមើលឃើញពីការចាំបាច់ក្នុងការថែរក្សាបញ្ហាបរិស្ថាន ការគ្រោះថ្នាក់ចរាចរណ៍ និងសុវត្ថិភាព ទើបមន្ទីរសាធារណៈការ និងដឹកជញ្ជូន សហការជាមួយមន្ទីរបរិស្ថានខេត្ត ក្រោមការណែនាំពី លោកអភិបាល ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានោះដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងទៅកាន់ក្រុមអាជីវករ ក្នុងផ្សាកំពង់ស្ពឺ ថា បញ្ហាបរិស្ថានអនាម័យជាកត្តាចាំបាច់ចំពោះសុខភាព កាលណាបើសុខភាពល្អ ច្បាស់ណាស់ គឺមានការអភិវឌ្ឍជឿនលឿន ក្នុងនោះផងដែរ បច្ចុប្បន្នការគ្រោៈថ្នាក់ចរាចរណ៍ នៅតែបន្តកើតមានគួរឲ្យព្រួយបារម្មណ៏ ទើបបានអាជ្ញាធរតែងតែចុះអប់រំណែនាំ ជាពិសេសចំពោះបងប្អូនអ្នករត់ម៉ូតូ តាមផ្សា និងអ្នកធ្វើតាមផ្លូវជាតិ នានាក្នុងខេត្តទាំងមូល។
លោកអភិបាល បានសង្កត់ធ្ងន់ថា «បងប្អូនជាអាជីវករមេត្តាជួយនាំគ្នាថែរក្សាបរិស្ថាន ដើម្បីសុខភាពទាំងគ្នា ដើម្បីសោភណ្ឌភាព ចូលរួមចលនាទីក្រុងស្អាត បរិស្ថានល្អឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ គេមកលេងខេត្តកំពង់ស្ពឺយើង ម៉្យាងទៀត ការថែរក្សាអាយុជីវិតយើង ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ»៕