(កំពង់ធំ)៖ លោក មួង សូនី ប្រធានសមាគមក្រុមការងារ ១០០រាត្រី បានលើកឡើងអំពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយរបស់ក្រសួងបរិស្ថាន និងការប្ដេជ្ញាចូលរួមលើកកម្ពស់វិស័យបរិស្ថានឱ្យបានប្រសើរឡើង ជាពិសេសការដាំកូនឈើ ដើម្បីបានផលប្រយោជន៍សេដ្ឋជាចំណែកក្នុងការស្ដារសេដ្ឋកិច្ចជាតិ។
ការលើកឡើងបែបនេះរបស់លោក មួង សូនី បានធ្វើឡើងនៅក្នុងឱកាសដាំកូនឈើចម្រុះចំនួន ៤,០០០ដើម ក្រោមអធិបតីភាព លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ក្នុងបរិវេណវត្តពាមមេត្រី ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ព្រមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន ១,៥០០នាក់។
ក្នុងនោះផងដែរ លោក មួង សូនី សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ឱកាសយ៉ាងខ្លាំងដល់អង្គការសង្គមសុីវិល ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរួមជាមួយបណ្ដាក្រសួងពាក់ព័ន្ធ ក្នុងទិសដៅធ្វើយ៉ាងណាដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ ឱ្យទទួលបានភាពជោគជ័យ ដើម្បីនាំកម្ពុជាឱ្យឆ្ពោះទៅជាប្រទេសមានសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោកថាសមាគមក្រុមការងារ១០០រាត្រី បានបេ្ដជ្ញាបន្តចូលរួមធ្វើកិច្ចការងារអភិវឌ្ឍសង្គមជាតិក្នុងនាមអង្គការសង្គមសុីវិលឱ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបន្តទៀត៕
ខាងក្រោមនេះជាការលើកឡើងរបស់លោក មួង សូនី៖