(ហ្សាកាតា)៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយធម្មជាតិបានឲ្យដឹងថា ខេត្ត West Java ដែលនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានរងការវាយប្រហារដោយ គ្រោះទឹកជំនន់ និងការរអិលបាក់ដី តាំងពីយប់ថ្ងៃអង្គារម្សិលមិញ រហូតមកទល់នឹងព្រឹកថ្ងៃពុធនេះ ដោយបានបន្សល់ទុក មនុស្សស្លាប់ចំនួន១០នាក់ រងរបួស៣០នាក់ និងបីនាក់ផ្សេងទៀតបានបាត់ខ្លួន ខណៈជាច្រើននាក់ ត្រូវបានជម្លៀសខ្លួនចេញទៅកាន់ទីសុវត្ថិភាព។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារខាងលើបានឲ្យដឹងទៀតថា គ្រោះទឹកជំនន់ បានកើតឡើងនៅម៉ោងប្រហែល ១៖០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ (ម៉ោងក្នុងទីក្រុងហ្សាកាតា) នៅតាមទីតាំងមួយចំនួនក្នុងសង្កាត់ Garut បន្ទាប់ពីទន្លេចំនួនពីរ នៅក្បែរនោះត្រូវបានជន់លិចដោយសារទឹកភ្លៀង ហើយមនុស្សចំនួន០៨នាក់បានបាត់បង់ជីវិត រួមជាមួយនឹងជនរងគ្រោះ៣០នាក់ទៀត បានទទួលរងរបួស និង ម្នាក់ទៀតបានបាត់ខ្លួនទៅតាមទឹកហូរ។

លោក Sutopo Purwo Nugroho ក៍បានបន្ថែមទៀតថា នៅម៉ោង២២៖០០យប់ថ្ងៃអង្គារ (ម៉ោងនៅទីក្រុងហ្សាកាតា) ការរអិលបាក់ដី បានវាយប្រហារចំលើផ្ទះប្រជាជនចំនួនពីរខ្នង នៅក្នុងសង្កាត់ Sumedang ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងពីរនាក់ទៀតបានបាត់ខ្លួន។  

ប្រតិបត្តិការស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួនក៏បានចាប់ផ្តើមផងដែរ ហើយក្រុមសង្រ្គោះបន្ទាន់ បាននិងកំពុងតែរួសរាន់ជួយអ្នកដែលរងគ្រោះ ខណៈប្រជាជនរាប់រយនាក់ត្រូវបានជម្លៀសចេញ ទៅកាន់ទីសុវត្ថិភាពដែលត្រូវបានរៀបចំដោយរដ្ឋាភិបាល។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី តែងទទួលរងការវាយប្រហារដោយ គ្រោះទឹកជំនន់និងការរអិលបាក់ដី ធ្ងន់ធ្ងរនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង៕