(ភ្នំពេញ)៖ លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា បានដឹកនាំ គណៈប្រតិភូ មន្ត្រីតុលាការកំពូល, ប្រធានសាលាដំបូងខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម និងឡាវ និងប្រធានសាលាឧទ្ធរណ៍តំបន់ ដែលមានសមត្ថកិច្ចដែនដីជាប់ព្រំដែន ដើម្បីចូលរួមក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី ៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៨៖ ១៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហូយអាន ខេត្តក្វាងណាម ប្រទេសវៀតណាម។
សន្និសីទនេះផ្តោតទៅលើប្រធានបទសំខាន់ៗចំនួន ៤ រួមមាន៖
* ១៖ ការវាយតម្លៃអំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តសេចក្តីប្រកាសរួម នៃសន្និសីទលើកទី ៦ ឆ្នាំ២០២២ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ
* ២៖ ការចែករំលែកបទពិសោធន៍ក្នុងការជំនុំជម្រះក្តី លើបទល្មើសព្រហ្មទណ្ឌដែលពាក់ព័ន្ធនឹងបទល្មើសឆ្លងដែនខុសច្បាប់ ដូចជាបទល្មើសគ្រឿងញៀន, ជួញដូរមនុស្ស, ព្រៃឈើ, ធនធានធម្មជាតិ និងបទល្មើសនេសាទ ជាដើម
* ៣៖ ការពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់រវាង តុលាការនៃប្រទេសទាំងបី និង
* ៤៖ ការចែករំលែកបទពិសោធន៍លើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាពិសេស ប្រសិទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅក្នុងកិច្ចការតុលាការ។
សន្និសីទនេះគឺជាការចូលរួមលើកកម្ពស់ការអនុវត្តន៍ច្បាប់ ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ស្តីពីការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលកម្ពុជា។
សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ បានចាប់ផ្តើមលើកទី១ ក្នុងឆ្នាំ២០១០ នៅប្រទេសវៀតណាម ដោយប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ ២ឆ្នាំម្តង។ កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំសន្និសីទលើកទី៨ នៅក្នុងឆ្នាំ២០២៦ ខាងមុខ៕