(សៀមរាប)៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាប្រជុំធំសាលាខេត្ត បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព អភិបាល នៃគណៈអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់វុធទាំងបីប្រភេទ។
បន្ទាប់ពីស្តាប់លោក ហួត សុធី ស្នងការនគរបាលខេត្តបានធ្វេីសេចក្តីរាយការណ៍ អំពី វឌ្ឍនភាពការងាររួចមក លោក ប្រាក់ សោភ័ណ ក៏បានជំរុញដល់ដល់ស្នងការនគរបាលខេត្ត និងអភិបាលក្រុង ស្រុកទាំងអស់ត្រូវជំរុញការផ្សព្វផ្សាយ អំពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងច្បាប់ចរាចរណ៍ឱ្យប្រជាពលរដ្ឋគ្រប់ៗគ្នា ពិសេសសិស្សានុសិស្ស បានយល់ដឹងបន្ថែមទៀត។
លោល អភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានរៀបរយ និងត្រូវរៀបចំធុងសំរាម នៅតាមទីសាធារណៈ ពិសេសធុងសំរាមធំៗ ដេីម្បីឱ្យប្រជាពលរដ្ឋយកទៅទុកដាក់ និងក្រុមការងារប្រមូលសំរាមមានភាពងាយស្រួលប្រមូលផងដែរ។ ជាមួយគ្នានេះ លោក ក៏បានសង្កត់ធ្ងន់ថាត្រូវធ្វេីការបង្ក្រាប ទប់ស្កាត់ក្មេងទំនេីង បារីអេឡិចត្រូនិច និងគ្រឿងញៀន។
លោក អភិបាលខេត្ត បានបន្តថា ផែនការបន្ទាប់រដ្ឋបាលគ្រោងនឹងរៀបចំតំបន់ទេសចរណ៍តាមដងស្ទឹងសៀមរាប និងតំបន់មួយចំនួនទៀតក្នុងក្រុង ដេីម្បីជាការទាក់ទាញភ្ញៀវទេសចរកមកម្សាន្តនៅខេត្តសៀមរាប។ ម្យ៉ាងទៀត រដ្ឋបាលខេត្តនឹងធ្វេីការដាំតាមខ្សែនីមួយៗបន្ថែមទៀត ដេីម្បីជាការលេីកកម្ពស់សោភ័ណភាព និងឱ្យក្រុងសៀមរាបមានភាពបៃតង៕