(កំពង់ស្ពឺ)៖ អ្នកវិនិយោគមកពីខេត្តជឺជាង នៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជា៥០នាក់ និងជាច្រើនក្រុមហ៊ុន បានជួបពិភាក្សាជាមួយ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់បន្ថែមពីឱកាសការងារបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តនេះ ដែលការជួបស្វែងយល់ ធ្វើឡើងនៅសាលាខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា អរគុណចំពោះក្រុមហ៊ុនវិនិយោគជាជនចិន មកពីបណ្តាក្រុមហ៊ុនធំៗនៃខេត្តជឺជាង ដឹកនាំដោយលោកឧកញ៉ា ជឹម ឃាង ដែលមាន គោលបំណងចុះសិក្សាស្វែងយល់ពីសក្តានុពលចំនួន៥ នៅលើទឹកដីខេត្តកំពង់ស្ពឺ។ វិស័យសក្តានុពលទាំង៥ រួមមាន៖ វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម វិស័យរ៉ែថាមពល និងវិស័យឧស្សាហកម្ម។
លោកឧកញ៉ា ជឹម ឃាង បានលើកឡើងថា ដោយមើលឃើញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អ្នកវិនិយោគទាំងអស់ ដែលមកពីបណ្តាក្រុមហ៊ុននៃខេត្តជឺជាង បានផ្តោតការចាប់អារម្មណ៍ខ្លាំងលើប្រទេសកម្ពុជា ដោយក្នុងនោះ បានយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។
លោកឧកញ៉ា បានបញ្ជាក់ថា ការដាក់គោលដៅរបស់ក្រុមអ្នកវិនិយោគនេះ គឺដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ និងភាពអំណោយផលនៃភូមិសាស្ត្រ ពិសេសកម្ពុជាមានវិស័យគមនាគមន៍ដ៏ល្អ ដែលបានផ្តល់ភាពងាយស្រួល ដល់ការដឹកនាំកសិផល ផលិតផលទៅកាន់កំពង់ផែ ទើបអ្នកវិនិយោគរបស់ចិនចុះមកសិក្សា ស្វែងយល់ពីវិស័យអាទិភាពទាំងអស់ខាងលើ ហើយជាមួយនោះ អ្នកវិនិយោគក៏សុំឲ្យរាជរដ្ឋាភិបាល ពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមនូវកម្លាំងពលកម្ម និងធនធានមនុស្សគ្រប់គ្រាន់សម្រាប់បម្រើដល់ដំណើរការនេះដែរ។
ជាមួយនោះ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានបញ្ជាក់ឲ្យដឹងផងដែរថា សម្រាប់ខេត្តកំពង់ស្ពឺ បច្ចុប្បន្នមានរោងចក្រសហគ្រាសប្រមាណជាង៤០០កន្លែង និងមានកម្មករ និយោជិតជាង ១៦ម៉ឺននាក់ធ្វើការ ។ នៅក្នុងរង្វង់រោងចក្រ សហគ្រាសកាត់ដេរសម្លៀកបំពាក់ ស្បែកជើង របស់របរប្រើប្រាស់ និងរបស់ធ្វើដំណើរ សព្វថ្ងៃទាំងជាង៤០០កន្លែងនេះ គឺអ្នកវិនិយោគចិនស្រូបទាញជាងដល់ទៅ៩០% ទៅហើយលើគ្រប់វិស័យទាំងអស់នេះ ហើយមិនត្រឹមតែរោងចក្រ សហគ្រាសវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងនោះទេ វិស័យឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្ម ក៏មានចំណែកអ្នកវិនិយោគ មកពីប្រទេសចិនផងដែរ។
ទន្ទឹមនោះដែរ ថ្វីត្បិតខេត្តនេះ មិនអាចសរុបទំហំនៃការងារ និងការវិនិយោគរបស់អ្នកវិនិយោគ ដោយសារតែការប្រើពេលវេលា តែរដ្ឋបាលខេត្តកំពង់ស្ពឺ រំពឹងទុកថា នៅឆ្នាំ២០២៤ អ្នកវិនិយោគចិននៅតែខ្លាំង ជាងបណ្តាអ្នកវិនិយោគនៃប្រទេសផ្សេងៗ ជុំវិញពិភពលោកសម្រាប់មកដាក់វិនិយោគទុននៅកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ៕