(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ បន្ទាប់ពីបានទទួលដំណឹងអំពីជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការប្រទេសសឹង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបានចូលមកប្រទេសកម្ពុជា។
ដោយព្រះរាជាណាចក្រកម្ពុជា ក៏ជាសមាជិកនៃ អង្គការឃ្លាំងមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញាវត្ថុអន្តរជាតិ ហៅកាត់ថា FATF ផងដែរនោះ និងក្រោយពីបានទទួលដំណឹងពាក់ព័ន្ធជាមួយជនជាតិចិនម្នាក់ ដែលមានការពាក់ព័ន្ធនឹងបទលើ្មសសម្អាតប្រាក់ បានចូលមកក្នុងទឺកដីប្រទេសកម្ពុជា អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជា្រវ ស្វែងរក ជនជាតិចិន នោះឲ្យបានឆាប់រហ័ស ដើម្បីអនុវត្តនីតិវិធី ធ្វើការបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផល បន្ទាប់ពីទទួលបានការណែនាំពីអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចមក នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជា្រវ ស៊ើបអង្កេត ស្វែងរករួចមក បានឃាត់ខ្លួនជនជាតិចិខាងលើដែលមាន ឈ្មោះ ZHANG RUIJIN ភេទប្រុស ជនជាតិចិន កាន់លិខិតឆ្លងដែនប្រទេស Saint Kitts and Nenis ដែលត្រូវបានតុលាការប្រទេសសឹង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់។
សូមបញ្ជាក់ថា ជនជាតិចិនខាងបានចូលមកប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ហើយក៏ត្រូវបានស្វែងរកឃាត់ខ្លួនបាន ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងបានរៀបចំនីតិវីធី រួចក៏បានធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕