(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ បានថ្លែងថា ដើម្បីដោះស្រាយបញ្ហាប្រឈម នៃការធ្លាក់តម្លៃស្រូវដើមរដូវរបស់ប្រជាកសិករទូទាំងខេត្តនោះ លោកអភិបាលខេត្ត អ៊ុត សំអន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំមួយអង្គភាព និងស្ថានប័នពាក់ព័ន្ធទាំងអស់ លើការរិះរកមធ្យោបាយនានា ដើម្បីដោះស្រាយបញ្ហាមួយនេះ។
ជាលទ្ធផលលោកអភិបាលខេត្ត និងអង្គប្រជុំទាំងមូលបានបើកយុទ្ធនាការមួយ លើការសម្រេចរួមគ្នាទទួលទិញស្រូវ ពីបងប្អូនប្រជាកសិករដល់ផ្ទះតែម្តង គឺជួបទិញហើយតម្លៃនោះខ្ពស់ជាងតម្លៃទីផ្សារ។ ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានអំពាវនាវ ទៅដល់វិស័យឯកជន អាជីវករ ឲ្យប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការធ្លាក់ថ្លៃស្រូវរបស់ប្រជាកសិករ និងជួយលើកតម្កើងការធ្វើស្រូវ របស់បងប្អូនប្រជាកសិករ ដែលត្រូវចំណាយដើមទុនច្រើននោះ។
យោងតាមការបញ្ជាក់ឲ្យដឹងពី លោក គង់ វិមាន ការបង្កបង្កើនផលស្រូវនៅទូទាំងខេត្ត នៅដើមរដូវនេះ មានផ្ទៃដីសរុបជាង៣ម៉ឺនហិកតា គិតមកដល់ថ្ងៃនេះ ប្រជាកសិករប្រមូលផលស្រូវបាន ១៥,០០០ហិកតា ស្មើ៥៥ភាគរយ។ តាមការវាយតម្លៃឃើញធា ទិន្នផលស្រូវនៅឆ្នាំនេះ មានការកើនឡើងក្នុងមួយហិចតា រហូតទៅដល់ ៤.៥តោន ទៅ ៥តោន។ បើតាមលោក គង់ វិមាន នៅចំពោះមុខនេះខាងអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធនឹងចុះទៅទីញស្រូវប្រជាកសិករ ឲ្យបានជាង១០០តោនតាមផ្ទះតែម្តង។
អភិបាលេងខេត្តកំពង់ធំរូបនេះ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹនាំ មន្ទីរអង្គភាពទាំងអស់ ដែលបានចូលរួមចែករំលែកការលំបាកនេះ ជាមួយបងប្អូនកសិករយើង៕