(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀបាញ់ អមដំណើរដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមនិងក្រុមការងារចុះមូលដ្ឋានបក្សខេត្តកោះកុង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ដោយដាំកូនឈើគគីរចំនួន៥០០ដើម ស្ថិតនៅស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះខេត្តកោះកុង ដោយមានសមាជិកសមាជិកាចូលរួមចំនួន៤៤៥នាក់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានរម្លឹកថា ថ្ងៃទី១៧ កក្កដា ក្រោមដំណក់ទឹកភ្លៀង ខ្យល់ព្យុះ និងទឹកដោះម្តាយថ្លៃ សម្តេចបានមានជីវិតរស់នៅរយៈពេល៥៩ឆ្នាំមកនេះ ពីព្រោះថ្ងៃនោះជាពេលប្រវត្តិសាស្ត្រ ដែលគេទាមទារយកសម្តេចទៅបាញ់ចោល។
សម្តេច និងមិត្តរបស់សម្តេច ស្ថិតក្នុងកណ្តាប់ដៃពួកកងឈ្លបប្រដាប់ដោយអាវុធគ្រប់ដៃ ដោយបានចងដៃសម្តេច និងមិត្តភក្តិឲ្យឈរជិតគ្នា រួចហើយកងឈ្លបបានបាញ់មិត្តភក្តិសម្តេចស្លាប់ ហើយត្រៀមបាញ់សម្តេចទៀត តែបានដំណក់ទឹកភ្លៀង ខ្យល់ព្យុះ ធ្វើឲ្យពួកវារងារ ហើយទឹកភ្លៀងបានហូរចូលភ្នែកក៏បាញ់សម្តេចខុស។
ក្រោយពេលបាញ់ខុស សម្តេចបានរត់ចូលព្រៃ សុខចិត្តឲ្យពួកវាបាញ់ពីក្រោយកុំឲ្យបាញ់មុខ តែពេលនោះសំណាងល្អដោយទឹកដោះម្តាយថ្លៃ សម្តេចបានរត់ចូលព្រៃយករួចខ្លួនសិន ហើយពួកកងឈ្លបនោះដើរ រកសម្តេច តែរកមិនឃើញ ទើបសម្តេចរស់រានមានជីវិតមកដល់ថ្ងៃនេះរយៈពេល៥៩ឆ្នាំមកហើយ។
សម្តេចអរគុណសន្តិភាពនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានខិតខំស្វែងរកសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ និងបានធ្វើឲ្យមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។
សម្តេចបានអំពាវនាវឲ្យបងប្អូនជនរួមជាតិត្រូវរួមគ្នាការពារសន្តិភាពឲ្យបានគង់វង្ស ពីព្រោះសន្តិភាពពិបាករកណាស់ ហើយប្រទេសយើងក៏ពុំដែលស្គាល់សន្តិភាព ស្គាល់តែការបំផ្លិចបំផ្លាញ និងការគាបសង្កត់ពីបរទេស តែបច្ចុប្បន្នភាពប្រទេសយើងទទួលសន្តិភាពពេញលេញ និងមានភាពរីកចំរើនគ្រប់វិស័យមានការអភិវឌ្ឍន៍ដោយសានយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ សូមផ្តាំផ្ញើបងប្អូនជនរួមជាតិរួមគ្នាថែរក្សាបរិស្ថាន និងដាំកូនឈើឲ្យបានគ្រប់គ្នា ពីព្រោះដើមឈើមានអត្ថប្រយោជន៍ សម្រាប់ការផ្តល់ថាមពលដល់អាយុជីវិតមនុស្ស សត្វ ការពារគ្រោះធម្មជាតិផងដែរ៕