(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានអះអាងថា សត្វល្អិតចង្រៃដង្កូវហ្វូង ដែលបំភ្លេចបំផ្លាញដំណាំរបស់ប្រជាកសិករ មកដល់ពេលនេះត្រូវបានកម្ចាត់ដោយជោគជ័យ ក្នុងនោះសត្វរុយពណ៌ស ដែលបំផ្លាញដំណាំស្រូវផងដែរនោះ ក៏ត្រូវបានអាជ្ញាធរខេត្តមានវិធានការទប់ស្កាត់ទាន់ពេលវេលា មិនទាន់មានបញ្ហានេះកើតឡើងនោះទេ។
លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
អភិបាលខេត្តបានឲ្យដឹងថា មកដល់ពេលនេះ ប្រជាពលរដ្ឋដាំដុះដំណាំស្រូវបានក្នុងរង្វង់ប្រមាណ៩២ភាគរយ លើផ្ទៃដីផែនការដាំដុះជាង៨ម៉ឺនហិកតា។ ចំពោះរបបទឹកភ្លៀងគឺមានគ្រប់គ្រាន់សម្រាប់ប្រជាកសិករបង្កបង្កើនផល។
ទន្ទឹមនឹងនេះ ប្រជាកសិករយើងក៏បានជួបប្រទះនូវបញ្ហាខ្លះៗដល់ដំណាំរបស់ពួកគាត់ ដោយសារដង្កូវហ្វូង ដែលកើតមានឡើងនៅក្នុងឃុំចំនួន៣ នៃស្រុកចំការលើ និងនៅក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ដែលដង្កូវហ្វូងនេះ បង្ករផលប៉ះពាល់ដល់ដំណាំរបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាខាងលើនេះ រដ្ឋបាលខេត្តបានអន្តរាគមន៍ដោះស្រាយសង្គ្រោះបន្ទាន់ និងឈានដល់ការកំចាត់ដង្កូវហ្វូង អស់ពីស្រែចម្ការរបស់ប្រជាពលរដ្ឋផងដែរ។
ម្យ៉ាងទៀត វាជាការអំណោយផលល្អដោយហេតុថា នៅពេលដែលអាជ្ញាធរខេត្ត បានកំចាត់ដង្កូវហ្វូងអស់ ទឹកភ្លៀងក៏បានធ្លាក់មកស្រោចស្របគ្រប់គ្រាន់ សម្រាប់ប្រជាកសិករធ្វើការដាំដុះ និងមានវិធានការផ្សេងៗទៀត ដើម្បីការពារផលដំណាំពីសត្វល្អិតចង្រៃនោះ។
លោកអភិបាលខេត្ត បានលើកឡើងផងដែរថា ចំពោះសត្វរុយពណ៌ស ក៏ជាសត្វល្អិតម្យ៉ាង ដែលបំភ្លេចបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករផងដែរ ដែលករណីនេះបានកើតឡើងនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ចាម។
ប៉ុន្តែប្រការនេះ ថ្វីត្បិតតែខេត្តកំពង់ចាម មិនទាន់កើតមាន រដ្ឋបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញកសិកម្មខេត្ត ចុះទៅសិក្សាជាបន្ទាន់ នៃស្រុកពីរ គឺស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំ ណែនាំដល់ប្រជាកសិករយើង បង្កើនការប្រុងប្រយ័ត្ន ព្រមទាំងមានមន្ត្រីកសិកម្មនៅតាមបណ្ដាឃុំចុះជាប់ជាមួយប្រជាពលរដ្ឋ ដែលជាលទ្ធផលរហូតមកដល់ពេលនេះ គឺយើងអាចទប់ស្កាត់រុយពណ៌សនោះបាន មិនទាន់មានចូលមកដល់ក្នុងខេត្តកំពង់ចាមនោះទេ៕