(តាកែវ)៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម «គ.ជ.ប.ទ» នៅរសៀលថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២៤ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល និងអប់រំផ្សព្វផ្សាយស្ដីពី មូលលដ្ឋានគ្រឹះនៃគោលការណ៍សិទ្ធិមនុស្សសម្រាប់ មន្រ្តីអនុវត្តច្បាប់ និងតួនាទីភារកិច្ចរបស់ គ.ជ.ប.ទ ក្រោមអធិបតីភាពលោក នុត សាអាន ប្រធាន គ.ជ.ប.ទ អមដោយសមាជិក គ.ជ.ប.ទ និងដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ចៅក្រម តំណាងប្រធានសាលា ដំបូងខេត្ត លោកប្រធានពន្ធនាគារខេត្ត មន្រ្តីអនុវត្តន៍ច្បាប់ អង្គការមិនមែនរដ្ឋាភិបាលធ្វើការងារការពារសិទ្ធិមនុស្ស និងភាគីពាក់ព័ន្ធ។
លោក រ៉ូ ប៊ីនណៃ សមាជិក គ.ជ.ប.ទ បានលើកឡើងថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មជាយន្តការបង្ការថ្នាក់ជាតិមួយ ដែលមានឯករាជ្យភាពនៅពេលបំពេញមុខងាររបស់ខ្លួន។ ការត្រួតពិនិត្យជាទៀងទាត់របស់ គ.ជ.ប.ទ ធ្វើឡើងក្នុងគោលដៅពង្រឹងការការពារជនដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីទារុណកម្ម ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប។
លោក ស៊ុត ខុន អភិបាលរងខេត្ត បានលើកឡើងថា ការសហការរៀបចំវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ជូនដល់អ្នកពាក់ព័ន្ធគ្រប់ផ្នែកក្នុងខេត្តតាកែវ នាពេលនេះពិតជាមានសារៈសំខាន់ណាស់ ព្រមទាំងអាចទទួលបាននូវ ចំណេះដឹងថ្មីៗ ដើម្បីចូលរួមចំណែកធ្វើឱ្យការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មកាន់តែទទួលបានជោគជ័យឡើងថែមទៀត។
ថ្លែងក្នុងសុន្ទរកថាបិទលោក នុត សាអាន បានថ្លែងអំណរគុណការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស អភិបាលខេត្ត ដែលបានសហការសម្របសម្រួលជួយរៀបចំវគ្គនាពេលនេះ។ លោកក៏បានរៀបរាប់អំពីសាវតា នៃការកកើត គ.ជ.ប.ទ បញ្ហាប្រឈមរបស់ គ.ជ.ប.ទ និងមន្រ្តីអនុវត្តច្បាប់។
លោក នុត សាអាន បានបន្តទៀតថា មន្រី្តប្រតិបត្តិច្បាប់ត្រូវអនុវត្តភារកិច្ចខ្លួនឱ្យស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស អាចប្រើប្រាស់កម្លាំងបានតែក្នុង ករណីចំបាច់បំផុតសមហេតុផល ដើម្បីទប់ស្កាត់បទល្មើស មិនឱ្យប្រព្រឹត្តិការញុះញុង ឬបណ្តោយឱ្យមានការធ្វើទារុណកម្ម ឬប្រព្រឹត្តិកម្ម ឬដាក់ទណ្ឌកម្មដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក ឬយកបទបញ្ជាថ្នាក់លើមកធ្វើជាលេសឡើយ។
លោកថា ត្រូវធានាឱ្យបាននូវការការពារពេញលេញដល់សុខភាព របស់ជនដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន ជាពិសេសត្រូវចាត់វិធានការភ្លាមៗតាមការចាំបាច់ ដើម្បីធានាបង្ការ និងឈានដល់ការលុបបំបាត់ទាំងស្រុង នូវអំពើទារុណកម្ម ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕
.