(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ មានករណីឆក់យកកាបូបមួយពីជនរងគ្រោះ នៅចំណុចមុខផ្សារស៊ីធីម៉ល ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម, កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលទទួលការងារព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវភ្លាម រហូតតាមចាប់ពួកគេបានទាំង៣នាក់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ នៅចំណុចបន្ទប់ជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចំណុចផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
របាយការណ៍បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៣នាក់រួមមាន៖
*ទី១៖ ឈ្មោះ សួស សុវណ្ណវិរៈ អាយុ២៧ឆ្នាំ
*ទី២៖ ឈ្មោះ គឿង សុជាតិ អាយុ៣៩ឆ្នាំ
*ទី៣៖ ឈ្មោះ ផាត់ យូសែប ហៅយ៉េប អាយុ២២ឆ្នាំ។
ក្រោយចាប់បានជនសង្ស័យទាំង៣នាក់ កម្លាំងនគរបាល បានដកហូតវត្ថុតាងរបស់ជនរងគ្រោះ រួមមាន៖ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១, កុំព្យូទ័រឡេបថប់ម៉ាក ASUS ពណ៌ ប្រផេះ ចំនួន១គ្រឿង។
នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សួង តុលា អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកទូរទស្សន៍ហង្សមាស ដែលជាជនរងគ្រោះ បានទៅទទួលយកទ្រព្យសម្បត្តិរបស់ខ្លួន និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសមត្ថកិច្ច ដែលបានចេញប្រតិបត្តិការតាមចាប់ក្រុមចោរទាំងនេះ និងយកមកវិញនូវទ្រព្យសម្បត្តិរបស់លោក ដោយមិនមានការបាត់បង់នោះឡើយ។
បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងចាប់យកខាងលើ ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕