(កែប)៖ លោកបណ្ឋិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំ ជូរថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋ ជាច្រើនរយនាក់ ចូលរួមក្នុងពិធីដាំកូនឈើ ប្រមាណជិត ២០០០ដើម នៅតាមដងផ្លូវ១៣៣៥ ក្នុងស្រុកដំណាក់ចង្អើរ ដើម្បីអបអសាទរបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤។ ពិធីនេះ បានប្រព្រឹត្តទៅ នៅរង្វង់មូលព្រាបសរ ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ។
លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មខេត្តកែប បានលើកឡើងថា រុក្ខទិវា ៩កក្កដានេះ គឺជាព្រះរាជសកម្មភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ និងបន្តនូវព្រះរាជសកម្មភាពដាំកូនឈើនេះ ជាបន្តបន្ទាប់ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ព្រះករុណា ព្រះបានសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា។
លោកប្រធានបន្តថា សម្រាប់ឆ្នាំ២០២៤នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយមន្ទីរសាធារណៈការខេត្ត អាជ្ញាធរ ដែនដី និងដោយបានការឯកភាពពីលោកអភិបាលខេត្ត បានជ្រើសរើសកំណត់យក ទីតាំងនេះសម្រាប់ប្រារព្ធពិធី បុណ្យរុក្ខទិវា នាឆ្នាំនេះ ក្នុងគោលបំណងដើម្បីអភិរក្ស និងដាំឡើងវិញនូវប្រភេទ ឈើលំអ ក្ងោក គគី និងធ្នង់ សម្រាប់ដាំជាម្លប់ធ្វើអោយប្រសើរឡើងនូវសោភ័ណ្ឌភាព ទេសភាពធម្មជាតិបរិស្ថានប្រណីត ចូលរួមកាត់បន្ថយការឡើងកំដៅពិភពផែនដី និងការប្រែប្រួលអាកាសធាតុ ក៏ដូចជាទុកឲ្យកូនចៅជំនាន់ក្រោយៗទៀត បានស្គាល់ផងដែរ។ ទន្ទឹមនេះ មន្ទីរចែកពពួកឈើហូបផ្លែមួយចំនួនមានដូងក្រអូប, ខ្នុរការ៉ុត, កូនក្រូចឆ្មារ សម្រាប់ចែកជូនដល់សាលារៀន កសិករ និងមណ្ឌលសុខភាពមួយចំនួនផងដែរ។
នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ លើកឡើងថា ពិធីរុក្ខទិវានេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំយ៉ាងសកម្មនូវគោលនយោបាយ ដាំ និងថែទាំព្រៃឈើឡើងវិញ នៅទូទាំងប្រទេស ហើយបានកំណត់យកបញ្ហាព្រៃឈើជាអាទិភាព ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។ ព្រឹត្តិការណ៍នេះ បង្ហាញឲ្យឃើញនូវការភ្ញាក់រលឹក និងចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការការពារ និងបង្កើនធនធានព្រៃឈើដ៏មានតំលៃរបស់ខ្លួន។
ដោយឡែកខេត្តកែប សកម្មភាពនៃការដាំកូនឈើនេះ គឺជាសកម្មភាពយ៉ាងសំខាន់បំផុត និងជាចក្ខុវិស័យរបស់ខេត្ត ដើម្បីធ្វើឲ្យខេត្តកែប ជាក្រុងធម្មជាតិ និងជាគោលដៅទេសចរណ៍បៃតង នាពេលអនាគត។
លោកអភិបាលខេត្ត ស្នើគ្រប់អង្គភាព ស្ថាប័ន សាលារៀន វត្តអារាម មន្ទីរពេទ្យ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចូលរួមដាំ កូនក្ងោក គគីរ ធ្នង់ ឲ្យបានគ្រប់ដងផ្លូវ និងតាមទីសាធារណៈនានា ដើម្បីឲ្យខេត្តក្លាយជាទីក្រុងផ្កាក្ងោក ដ៏ទាក់ទាញនារដូវក្ងោកផ្កា៕