(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាកិត្តិយសកាត់កញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីជាន់កិច្ចសន្យារយៈពេលខ្លី នៅមណ្ឌលរាជធានីភ្នំពេញ លោក ហ៊ឺ រ៉ុង អគ្គលេខាធិការរង គ.ជ.ប និងជានាយកខុទ្ទកាល័យប្រធាន គ.ជ.ប បានបញ្ជាក់ថា មន្ត្រីដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ត្រូវបានជ្រើសរើសឱ្យបំពេញការងារសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមរយៈការចូលរួមការប្រឡងប្រកួតប្រជែងយកសមត្ថភាពពិតប្រាកដ និងស្មើភាព សំដៅធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូនល្អ។
គួរឱ្យដឹងថា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលេខាធិការរដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតចំនួន ១២។
នាឱកាសនោះដែរលោក ហ៊ឺ រ៉ុង ក៏បានសង្កត់ធ្ងន់ថា គ.ជ.ប យកចិត្តទុកដាក់ខ្ពស់លើការជ្រើសរើសមន្ត្រីឱ្យបំពេញការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពការងារ។
សូមជម្រាបជូនថា សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ តម្រូវការជ្រើសរើសបេក្ខជនសរុបចំនួន ៣៣ រូប តាមមុខតំណែងដូចខាងក្រោម៖
*គ្រូបង្ហាត់ ចំនួន ២៨រូប
*លេខាធិការ ចំនួន ១រូប
*ការីកុំព្យូទ័រ ចំនួន ១រូប
*អ្នកបើកបររថយន្ត ចំនួន ១រូប
*ជំនួយការគណនេយ្យ ចំនួន ១រូប
*ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន ១រូប៕