(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) តំណាង៧សហភាពសហជីព ដែលមាន ៥៨ សហព័ន្ធសហជីព និងអង្គការ-សមាគម មានសមាជិក-សមាជិកា ជាកម្មករ-និយោជិត គ្រូបង្រៀន និស្សិតបញ្ញវន្តកំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ញើជូនចំពោះបងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឲ្យក្រុមហ៊ុន រថយន្តតាក់ស៉ី អគ្គិសនីបរទេស មកប្រកបអាជីវកម្មនៅកម្ពុជាដូចការចោទប្រកាន់របស់ជនអគតិមួយចំនួនតូចនោះទេ។
យោងតាមញត្តិរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចុះថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៤ លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងថា ការប្រកាសរបស់សម្តេចមហាបវរធិបតីនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយឧត្តមគតិជាតិនិងភាពឈ្លាសវៃបំផុត។
លោកបញ្ជាក់ថា៖ «យើងខ្ញុំសូមប្រឆាំង និងថ្កោលទោសដាច់ខាតចំពោះក្រុមជ្រុលនិយមមួយចំនួនតូច បានឆ្លៀតឱកាសកេងចំណេញនយោបាយធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ដោយគ្មានមូលដ្ឋានច្បាស់លាស់ ថាបានផ្តល់អាជ្ញារប័ណ្ណអនុញ្ញាតឲ្យក្រុមហ៊ុន តាក់ស៊ីអគ្គិសនីបរទេស ប្រកបអាជីវកម្មនៅកម្ពុជា ហើយក្រុមនេះបានធ្វើការអំពាវនាវ និងញុះញុងឲ្យបងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នកបើករថយន្តតាក់ស៊ី ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលថែមទៀតផង»។
ជាមួយគ្នានេះ លោកប្រធានប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏អំពាវនាវដល់បងប្អូនអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នកបើកតាក់ស៊ីទាំងអស់ សូមកុំជឿតាមការញុះញុងរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ហើយសូមកុំចូលរួមបាតុកម្មតាមការអំពាវនាវរបស់ពួកនេះឲ្យសោះ ព្រោះវានាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ៕