(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស «A» ឆ្នាំ២០១៦ ទាំង៤០៥នាក់ នៅវិមានសន្តិភាព ដើម្បីសម្តែងការអបអរសាទរ ក៏ដូចជាផ្តល់រង្វាន់លើកទឹកចិត្តដល់ពួកគេ។

ខាងក្រោមនេះ​ ជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការប្រឡងបាក់ឌុបឆ្នាំនេះ សិស្សស្រីជាប់ច្រើនជាងសិស្សប្រុសតាំងពីនិទ្ទេស A ដល់ E

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ នាពេលកន្លងមក ដែលទទួលយកនយោបាយឈ្នះៗ របស់សម្តេច ហើយបាននាំមកនូវសន្តិភាព សម្រាប់ប្រទេសកម្ពុជានាពេលនេះ។

* ​សម្តេចតេជោ​ ហ៊ុន សែន៖ បើយើងមានសន្តិភាពហើយ យើងត្រូវការពារសន្តិភាពរបស់យើងទាំងអស់គ្នា

* សម្តេចតេជោ ហ៊ុន​ សែន សម្តែងនូវក្តីរីករាយចំពោះការប្រឡងជាប់របស់ក្មួយសិស្សានុសិស្សនៅថ្ងៃនេះ និងសូមអរគុណដល់អាជ្ញាធរដែលបាន លើកទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រឡងជាប់។

* សម្តេចតេជោ ហ៊ុន សែន​ ស្នើកុំឱ្យឪពុក​ម្តាយទាំងអស់ស្តីបន្ទោសមករាជរដ្ឋាភិបាល រឿងកូនរបស់ពួកគេមិនបានប្រឡងជាប់បាក់ឌុប ដោយសារតែកូនៗមិនប្រឹងរៀន

* សម្តេចតេជោ ហ៊ុន សែន កោតសរសើរ លោក ហង់ ជួនណារ៉ុន ក្នុងការដឹកនាំកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា។ សម្តេចសង្ឃឹមថា ២០ឆ្នាំទៀត ធនធានមនុស្សរបស់កម្ពុជានឹងខ្លាំងបំផុត។

* សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភប្រាក់ចំនួន២លានរៀល ដល់សិស្សជាប់និទ្ទេស «A» ឆ្នាំ២០១៦ ទាំង៤០៥នាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ឧកញ៉ា លាង ឃុន ប្រធានក្រុមហ៊ុនជីបម៉ុងគ្រុប និងជាអគ្គនាយកក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានឧបត្ថម្ភ Tablet Samsung ចំនួន៤០៥គ្រឿងដល់សិស្សនិទ្ទេស A ទាំង៤០៥នាក់ ដោយភ្ជាប់ជាមួយស៊ីមកាត ដែលអាចប្រើអ៊ីនធើណិតឥតគិតថ្លៃ៣ខែផងដែរ។

* សម្តេចតេជោ ហ៊ុន សែន៖ ការប្រឡងគ្រូ ត្រូវតែឱ្យប្រឡងទាំងអស់គ្នា ទោះជាសិស្សមាននិទ្ទេសអ្វីក៏ដោយដើម្បីភាពយុត្តិធម៌ ហើយគ្មានការជាប់ស្វ័យប្រវត្តិ។

* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសិស្សនិទ្ទេស A និងក្រុមគ្រួសារ ដើរទស្សនា និងនៅគ្រប់កន្លែងក្នុងវិមានសន្តិភាព រាប់តាំងពីបន្ទប់នាយករដ្ឋមន្រ្តីធ្វើការដែរ៕