(សេអ៊ូល)៖ សកម្មភាពដ៏មមាញឹកនៅក្នុងទីតាំង ដែលទុកសម្រាប់ធ្វើតេស្តនុយក្លេអ៊ែរ របស់ប្រទេស កូរ៉េខាងជើងនោះ ត្រូវបានផ្កាយរណបកូរ៉េខាងត្បូងចាប់បាន និងបាននាំឲ្យទីក្រុងសេអ៊ូល សន្និដ្ឋាន បានយ៉ាងច្បាស់លាស់ថា ទីក្រុងព្យុងយ៉ាង ពិតជាកំពុងត្រៀមដើម្បីបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរសាកល្បង ជាលើកទី០៦ ជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។
ជុំវិញការវិវឌ្ឍន៍នេះ មន្ត្រីយោធាកូរ៉េខាងត្បូងមួយរូប បានប្រាប់យ៉ុនហាប់ថា «តាមរូបភាពនានា ដែលយើងទទួលបាន គឺបង្ហាញពីរោងជាង ដែលត្រូវបានកសាងឡើង ទុកលាក់ច្រកចូលនៃផ្លូវរូងក្រោមដី លេខ២ (ជាកន្លែងដែលគេធ្លាប់បានធ្វើតេស្តនុយក្លេអ៊ែរ កាលពីលើកទី០៥នោះ) ហើយវានៅតែ មិនទាន់ត្រូវបានរុះចេញនោះទេ។ បន្ថែមពីនេះទៀត ដំបូលដ៏ធំមួយ ត្រូវបានកសាងឡើង ទុកគ្របលើ ផ្លូវរូងក្រោមដីលេខ ៣ បន្ថែមទៀត ដែលគ្រប់គ្នាជឿជាក់ថា នឹងក្លាយជាកន្លែងធ្វើតេស្តនុយក្លេអ៊ែរលើកទី០៦»។
គួរបញ្ជាក់តាមការអះអាងរបស់ យោធាកូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធ នេះទៀតថា ខ្លួននឹងបង្កើនការ ប្រុងជើងការកម្រិតខ្ពស់បំផុត ជុំវិញការបំផ្ទុះគ្រាប់នុយក្លេអ៊ែរ និង ការបាញ់សាកល្បងមីស៊ីលគ្រប់កម្រិត របស់ប្រទេស កូរ៉េខាងជើង បន្ទាប់ពីការសាកល្បងដ៏ជោគជ័យមួយកាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅ។ ប្រទេសកូរ៉េខាងជើង ទំនងជានឹងធ្វើការសាកល្បងបំផ្ទុះគ្រាប់នុយក្លេអ៊ែរលើកទី០៦ ដើម្បីអបអរខួបទី ៦៩ឆ្នាំ នៃការបង្កើតគណបក្សពលករកូរ៉េ នៅថ្ងៃទី១០ ខែតុលាខាងមុខនេះ៕