(កោះកុង)៖ លោក វង្ស តារា ម្ចាស់សហគ្រាសកែច្នៃបង្គាក្រៀម និងគ្រំចំពុះទា កំពុងមានមហិច្ឆតាពង្រីកសិប្បកម្មប្រកបទៅដោយស្ដង់ដារ ដើម្បីផ្គត់ផ្គង់ទីផ្សារជាតិ និងអន្តរជាតិ ឱ្យកាន់តែរីកចម្រើន។
ការលើកឡើងបែបនេះម្ចាស់សហគ្រាសនេះ បានធ្វើឡើងក្នុងឱកាសដែល កញ្ញា អ៉ឹម រចនា អញ្ជើញដឹកនាំអ្នកសារព័ត៌មានជាង៤០នាក់ ធ្វើទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផល ក្រោមប្រធានបទ «ការទទួលស្គាល់ក្នុងស្រុក និងជាសកលសម្រាប់ផលិតផលជលផល៖ ផលិតអាហារមានសុវត្ថិភាព ដើម្បីពន្លឿនភាពជោគជ័យ» តាមបណ្ដាខេត្តជាប់មាត់សមុទ្រមួយចំនួនរបស់កម្ពុជា ដោយទទួលបានការគាំទ្រពីគម្រោង CAPFish-Capture ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប។
សហគ្រាសកែច្នៃបង្គាក្រៀម និងគ្រំចំពុះទា វង្ស តារា បានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ នៅក្នុងខេត្តកោះកុង ដែលជាអាជីវកម្មលក្ខណៈគ្រួសារ កែច្នៃផលិតផលជលផល សមុទ្រដូចជា គ្រំចំពុះទាស្រស់ និងក្រៀម បង្គាក្រៀម និងកាពិ។ សហគ្រាសក៏ជាសមាជិកសហគមន៍តំបន់ការពារ ទេសភាព ដែលមានសមាជិកសរុបចំនួន ៥២ គ្រួសារ (១១៥នាក់) ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តកោះកុង។ សមាជិកក្រុមចិញ្ចឹម គ្រំពុះទា លក់ផលិតផលឱ្យឈ្មួញក្នុងស្រុកនិង ថៃ។ សហគ្រាសមានទីតាំងស្ថិតនៅចំងាយប្រមាណ ៨គីឡូម៉ែត្រ ពីទីរួម ខេត្តកោះកុង។
លោក វង្ស តារា បានឱ្យដឹងថា គ្រំចំពុះទា គឺជាផលិតផលចម្បងរបស់សហគ្រាសនេះ តំណាងឱ្យ ៧០% នៃការលក់ រីឯបង្គាក្រៀមមានចំនួន ២០% និងកាពិ ១០%។ គ្រំចំពុះទា ស្រស់មានតម្លៃ ប្រហែល ១.៥០ដុល្លារ/គ.ក និង គ្រំចំពុះទាសាច់ឆ្អិនមានតម្លៃ ១០ដុល្លារ/គ.ក។ តម្លៃដុំគ្រំចំពុះទាផ្គត់ផ្គង់ចេញពីកសិដ្ឋានទៅឱ្យ ឈ្មួញមកពីប្រទេសថៃនិងវៀតណាម មានតម្លៃត្រឹមតែ ០.៥០ដុល្លារ/គ.ក។ ក្រៅពីគ្រំចំពុះទា សហគ្រាសក៏ផ្គត់ផ្គង់កាពិទៅឱ្យឈ្មួញក្នុងស្រុកប្រមាណ៣០គ.ក ក្នុងតម្លៃ២៥ដុល្លារ/គ.ក ជារៀងរាល់ខែ។
លោក វង្ស តារា ក៏បានបន្ថែមថា ក្រោយពីមានការជួយគាំទ្រពី គម្រោង CAPFish និងអង្គការយូនីដូ យើងឃើញថាការកែច្នៃមានភាពល្អប្រសើរជាងមុនផលិតផលដែលផលិតបានគ្រំចំពុះ ទា បកមួយចំហៀង គ្រំអាហារសាច់សំងួតគឺបាននាំចូលទៅផ្សារម៉ាក្រូផ្ទាល់ តាមរយៈការគាំទ្រពីគម្រោងធ្វើឲ្យការវេចខ្ចប់កែច្នៃប្រកបដោយគុណភាព។
បន្ទាប់ពីបង្កបង្កើតបានរយៈពេលជាង៣ ឆ្នាំមកនេះយើងឃើញថាអាចផ្គត់ផ្គង់បានក្នុងមួយថ្ងៃបកបានមួយតោនដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ យកមួយតោនដើម្បីបកសាច់ដើម្បីផ្គត់ផ្គង់លើទីផ្សារ។ លោកក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលក្នុងស្រុក ជាពិសេសផលិតផលគ្រំចំពុះទា ដែលចិញ្ចឹមដោយធម្មជាតិ នៅក្នុងលំហរសមុទ្រ ដោយមិនប្រើសារធាតុគីមីនោះទេ។
សូមជម្រាបដែរថា តាមរយៈកិច្ចគាំទ្រពីគម្រោង CAPFish សហគ្រាសនឹងអនុវត្តនូវសកម្មភាពសំខាន់ៗដូចខាងក្រោម៖
* សាងសង់ទីតាំងកែច្នៃថ្មីទំហំ (៥ម x ១៨.៥ម) បែងចែកជា ៤ផ្នែកផ្សេងគ្នា និងមានបំពាក់ឧបករណ៍កែច្នៃថ្មី រួមទាំងប្រព័ន្ធចម្លោះទឹកស្អាត
* កំណត់អ្នកទិញថ្មីនៅទីផ្សារក្រុងភ្នំពេញ និងផ្សារផ្សេងទៀត
* បណ្តុះបណ្តាលបុគ្គលិក ៦នាក់ និងអ្នកកែច្នៃគ្រំចំពុះទា ៥២នាក់ អំពីតម្រូវការអប្បបរមានៃ CQS
* កែលម្អសម្ភារវេចខ្ចប់ និងស្លាកសញ្ញាផលិតផលដើម្បីទទួលបានតម្លៃបន្ថែមកាន់តែប្រសើរ
គម្រោង CAPFISH ផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់សហគ្រាសដូចខាងក្រោម៖
* បណ្តុះបណ្តាលលើការកសាងគម្រោងសំណើនិងផែនការអាជីវកម្ម ប្រឹក្សាយោបល់ និងផ្សារភ្ជាប់ទីផ្សារ
* ជួយរៀបចំបង្កើតសម្ភារផ្សព្វផ្សាយចាំបាច់សម្រាប់ស្លាកយីហោ រូបសញ្ញាផលិតផលនិងការវេចខ្ចប់
* គាំទ្រការដាក់តាំងបង្ហាញផលិតផលនៅតាមព្រឹត្តិការណ៍ផ្សេងៗនាទីក្រុងភ្នំពេញ
* បណ្តុះបណ្តាលលើបទដ្ឋានបច្ចេកទេសនិងតម្រូវការសុវត្ថិភាពម្ហូបអាហារ និងវិញ្ញាបនបត្រ CQS
* គាំទ្រលើការរៀបចំនិងកែសម្រួលប្លង់ទីតាំងកែច្នៃផលិតផល និង ទំនើបកម្ម
* គាំទ្រលើការធ្វើតេស្តទឹក និងផលិតផល
ក្រោមកិច្ចគាំទ្រពីគម្រោង CAPFISH សហគ្រាសសម្រេចបានសមិទ្ធិផលសំខាន់ៗដូចខាងក្រោម៖
* ទទួលបានវិញ្ញាបនបត្រ CQS Basic
* បង្កើនបរិមាណលក់បាន ៣១%
* ប្រាក់ចំណូលកើនឡើង ៦៨%
* ទាក់ទាញបានអ្នកទិញថ្មីចំនួន៥ និងចុះកិច្ចសន្យារួចរាល់ជាមួយផ្សារទំនើបម៉ាក្រូ
* បង្កើនការងារថ្មីបាន ៦០% (ស្ត្រីទាំងអស់)៕