(សៀមរាប)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានបន្តចុះពិនិត្យមើលទំនិញទិញយកគំរូ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅផ្សារក្រឡាញ់ ក្រុងសៀមរាប និងផ្សារពួក ស្ថិតក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សកម្មភាពនេះ ធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការសហការជាមួយ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្រុមការងារមន្ទីរពិសោធន៍នៃនាយកដ្ឋានកាំកុងត្រូល មន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារទាំងពីរផងដែរ។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា នៅក្នុងការចុះពិនិត្យទំនិញក្នុងផ្សារទាំងពីរខាងលើ ជាលទ្ធផលពុំបានរកឃើញផលិតផល ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ឡើយ។ ក្រុមការងារក៏បានទិញយកគំរូ នៃផលិតផលដែលមានដូចជា៖ ស្លឹកគ្រៃហាន់រួច ខ្ញីហាន់រួច ស្ករត្នោត សណ្តែកបណ្តុះ និងក្រអៅឈូក បញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីវិភាគរកវត្តមានសារធាតុគីមីហាមឃាត់ ជាបន្តទៀត។

ជាមួយគ្នានេះ មន្រ្តីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏បានអំពាវនាវដល់អាជីវករទាំងអស់ សូមកុំខឹងនឹងក្រុមការងាររបស់លោកដែលចុះទៅពិនិត្យ និងដកហូតទំនិញ ខូចគុណភាពទាំងនោះ ព្រោះថាបើមិនដកហូតទេ មិនដឹងថាប្រជាពលរដ្ឋប៉ុន្មាននាក់ ដែលទទួលទាន ហើយខូចសុខភាពនោះ។

លោកក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ព្រោះរដូវនេះ ជារដូវបុណ្យទានផង គឺលក់ដូរ និងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាពមិនប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់។

ក្រុមកាងារក៏បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពី ផលវិបាកដែលបណ្តាលការបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ ជាពិសេសនៅពេលនេះ ជារដូវបុណ្យទាន ចូលមកដល់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

សូមជម្រាបថា ក្រោមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ៕