(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាសមាជិកាប្រតិបត្តិថ្នាក់កណ្តាល និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកស្រី ជាអនុប្រធានកិត្តិយស ប្រធាន និងអនុប្រធាន សមាជិកា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់សាខា និងអនុសាខាជាច្រើន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តនាំយកទៀនចំណាំព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឃ នៅវត្តអូរសោម និងអាស្រមលោកតាគ្រី។
លោកស្រី ឯម ប៉ុណ្ណា បានថ្លែងថា ពិធីបុណ្យសាសនារបស់ខ្មែរយើង ដែលមានតាំងពីដូនតា នៃបុព្វបុរសនោះ គឺបុណ្យចូលព្រះវស្សា ចាប់គិតពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ដែលមានរយៈពេល៣ខែ ដែលស្ថិតនៅក្នុងរដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ធ្វើឱ្យព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាតបានឡើយ។ ស្ថិតក្នុងកាលៈទេសៈបែបនេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ក្នុងនាមយើងទាំងអស់គ្នាជាប្រជាពុទ្ធបរិស័ទ ដែលកាន់ព្រះពុទ្ធសាសនា ត្រូវចូលរួមចំណែកតម្កល់ចិត្ត មានសទ្ធាជ្រះថ្លានោះបានឯកភាពគ្នា និងដឹកនាំប្រតិភូនាំយកទៀនចំណាំព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឃ រួចមកហើយ នៅវត្តកែវវិជ័យ វត្តកែវសុវណ្ណ វត្តហង្សាបីតិ(ព្រែកស្តី) បូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងសម្រាប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តដល់វត្តអូរសោម និងអាស្រមលោកតាគ្រី បន្ថែមទៀត។
លោកស្រីបានលើកឡើងថា ក្នុងអំឡុងពេលដែលព្រះសង្ឃគ្រប់បណ្តាវត្តអារាម មិននិមន្តចេញក្រៅវត្តបាន គឺមានតែខិតខំសិក្សារៀនសូត្រ នូវព្រះធម៌វិន័យ ដើម្បីអប់រំប្រៀនប្រដៅ ដល់មនុស្សគ្រប់ៗរូប ឱ្យកសាងអំពើល្អ មិនបៀតបៀនអ្នកដទៃ នាំមកនូវសេចក្តីសុខក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។
លោកស្រី ឯម ប៉ុណ្ណា បានថ្លែងថា សមាគមនារីដែលបង្កើតឡើងមកនេះ តែងតែចុះធ្វើសកម្មភាពការងារមនុស្សធម៌នៅក្នុងសង្គម ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពោលគឺជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយគ្មានការរើសអើង និងមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។ តាមរយៈនេះលោកស្រី សូមបួងសួង និងឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លា របស់លោកស្រីទាំងអស់ បានទៅដល់អ្នកមានគុណ និងញាតិការទាំងប្រាំពីសន្តានគ្រប់ៗគ្នា ជាពិសេសសូមឱ្យការរុករកឧត្ថម្ភាគចក្រ ដែលបាត់ការទាក់ទង សង្ស័យធ្លាក់កាលពីថ្ងៃទី១២ ឱ្យទទួលបានជោគជ័យ និងរួចផុតអាយុជីវិតទាំងអស់គ្នា។
សូមជម្រាបជូនថា ក្នុងថ្ងៃដដែលនោះ ប្រតិភូសាខាសមាគមនារីខេត្ត ក៏បានរៀបចំអំណោយ ដើម្បីចែកជូនដល់គ្រួសារក្រីក្រ និងជនចាស់ជរាគ្មានទីពឹង មកពីភូមិដប់បាត និងភូមិដំណាក់អំពិល ក្រុងពោធិ៍សាត់ ចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ១៥គីឡូក្រាម មី១កេស ឆ្នាំងបាយ១ កំសៀវទឹក១ មុង១ កន្ទេល១ ក្នើយ១ សារុង១ ក្រម៉ា១ និងថវិកា២ម៉ឺនរៀល៕