(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករវៀង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំអាជ្ញាធរស្រុករវៀង លោកមេឃុំរួសរ៉ាន់ ឃុំរហ័ស ឃុំរំដោះ លោកមេភូមិ និងប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំទាំង៣ បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលបានធ្លាក់ក្នុងកម្រិតមធ្យម គ្របដណ្ដប់ទូទាំងខេត្តព្រះវិហាររយៈពេលពេញបីថ្ងៃបីយប់ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

លោក អ៊ុក គឹមសាន បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃនេះថា៖ «បន្ទាប់ពីការចុះពិនិត្យមើលជាក់ស្តែង តាមភូមិសាស្ត្រមួយចំនួនឃើញថាមានឃុំចំនួន ០៣ឃុំ ក្នុងស្រុករវៀង បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងនោះមានឃុំរំដោះ ឃុំរួសរាន់ និងឃុំរហ័ស»

ប្រធានក្រុមការងារបានថ្លែងថា ទឹកជំនន់ទឹកភ្លៀងនៅថ្ងៃនេះបានស្រកចុះវិញ នៅទាំងបីឃុំ បានធ្វើឱ្យស្រែរបស់ប្រជាពលរដ្ឋបានទទួលទឹកច្រើនល្អសំរាប់ដំណាំស្រូវ ដោយឡែកចំពោះដង្កូវហ្វូងក៏បាត់អស់ដែរ។ 

បើតាមលោក អ៊ុក គឹមសាន បានបញ្ជាក់ថា ឃុំរួសរាន់ មិនមានការខូចខាតទេ ដោយសារស្ថិតក្នុងគម្រោងសាងសង់ផ្លូវក្រាសកៅស៊ូប្រវែង១២គីឡូម៉ែត្រ ចំណែកឃុំរហ័ស ខូចខាតស្ពានអូរស្ព័រ នៅភូមិអន្លង់ស្វាយប្រវែង១០ម៉ែត្រ គុណ៦ម៉ែត្រ នៅក្បាលស្ពាន និងខូចខាតស្ពានចន្លងអន្លង់ស្វាយ នៅភូមិអន្លង់ស្វាយ ប្រវែង៣៦ម៉ែត្រ គុណ៨ម៉ែត្រ នៅចំណុចក្បាលស្ពានផ្នែកខាងជើង(ត្រូវការជុសជុលបន្ទាន់) ចំពោះឃុំរំដោះ ខូចខាតស្ពាន នៅភូមិឪឡឹក ប្រវែង៣៧ម៉ែត្រ គុណ៦ម៉ែត្រ ត្រូវការជុសជុលបន្ទាន់ ក្បាលស្ពាន និងជើងក្រោម ប្រវែង១២ម៉ែត្រ គុណ ៦ម៉ែត្រ នៅចំណុចក្បាលស្ពានផ្នែកខាងជើង ដោយប្រជាពលរដ្ឋឆ្លងកាត់ច្រើន ស្ពានតាកុយ នៅភូមិគោកអំពឹល ប្រវែង១២ម៉ែត្រ គុណ៦ម៉ែត្រ ហើយត្រូវការជុសជុលបន្ទាន់ ដោយប្រជាពលរដ្ឋឆ្លងកាត់ច្រើន និងស្ពានទ្វាបិទបើកទឹកអូរខ្យង ភូមិស្វាយប៉ាត ខូចខាតប្រវែង៨ម៉ែត្រ គុណ៦ម៉ែត្រ ខូចខាតបាក់ដីសង្ខាងលូបិទបើកទឹក និងត្រូវការជុសជុលបន្ទាន់ ដោយប្រជាពលរដ្ឋឆ្លងកាត់ច្រើន។ 

ជាមួយនឹងការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនខាងលើនេះ ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុករវៀង លោក អ៊ុក គឹមសាន បានណែនាំដល់អាជ្ញាធរស្រុក និងលោកមេឃុំទាំង៣ ត្រូវរួមគ្នាធ្វើការជួសជុលឡើងវិញនូវផ្លូវ ស្ពាន ដែលមានការខូចខាតតិចតួច ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះស្ពាន ផ្លូវ ដែលខូចខាតខ្លាំង លោកនឹងធ្វើរបាយការណ៍ទៅជម្រាបលោកអភិបាលខេត្ត ដើម្បីឱ្យមន្ទីរជំនាញពាក់ព័ន្ធចុះមកពិនិត្យ នឹងមានវិធានការជួសជុលនិងស្តារឡើងវិញ៕