(សៀមរាប)៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប នឹងរៀបចំវគ្គបណ្តុះបណ្តាល និងវិក្រិតការ ស្តីពី ការពង្រឹងគុណភាព និងក្បួនខ្នាត ល្ខោនខោល រយៈ ៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ល្ខោនខោល ត្រូវបានចុះក្នុ​ងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ​ នៅទីក្រុង​ព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ល្ខោនខោលវត្តស្វាយអណ្ដែត គឺជាសម្បត្តិបេតិកភណ្ឌអរូបី១ ក្នុងចំណោម៦ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលរួមមានទាំង របាំព្រះរាជទ្រព្យ, ល្ខោនស្រមោលស្បែកធំ, ល្បែងទាញព្រ័ត្រ, ចាប៉ីដងវែង និងក្បាច់គុនល្បុក្កតោផងដែរ។

បន្ថែមលើនេះ សម្បត្តិបេតិកភណ្ឌរូបី ៤ទៀត ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានដូចជា ឧទ្យានបុរាណវិទ្យាអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទកោះកេរជាដើម។

សូមបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល បានប្រកាសត្រៀមស្នើដាក់សម្បត្តិវប្បធម៌ខ្មែរ ៧ទៀត ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងនោះមាន គុកទួលស្លែង, បន្ទាយឆ្មារ, អង្គរបុរីភ្នំដារ, ភ្នំព្រះរាជទ្រព្យ, ប្រាសាទកំពង់ស្វាយ, ប្រាសាទបេងមាលា និងភ្នំគូលែន។ រាជរដ្ឋាភិបាល ក៏ត្រៀមចុះបញ្ជីថែមទៀតនូវក្រមា, អាពាហ៍ពិពាហ៍ខ្មែរ និងសង្រា្កន្ដ ផងដែរ៕