(តៃអាន)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើភាគីចិនជួយជំរុញឱ្យអ្នកវិនិយោគរបស់ខ្លួន មកវិនិយោគផ្នែកវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើន ព្រមទាំងជួយជំរុញភ្ញៀវទេសចរ មកទស្សនាកម្ពុជាបន្ថែមទៀត ដោយសារ «កម្ពុជាជាព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្ដៅ» ពិសេសកម្ពុជាមានសន្តិសុខ និងស្ថិរភាពនយោបាយ ពេញលេញ។
ការទទូចស្នើនេះ ធ្វើឡើងក្នុងពេលឈប់សំចតត្រឹមទឹកដីហុងកុងសិន មុននឹងបន្តដំណើរទៅចូលរួម «សន្និសីទ និងពិព័រណ៌ទេសចរណ៍អន្តរជាតិ (JATA Tourism Expo 2016)» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីពិភាក្សាការងារជាមួយលោកស្រី Zhou Guiping អភិបាលរងក្រុងតៃអាន ក្នុងប្រទេសចិន។
ក្នុងពេលជំនួបពិភាក្សា លោករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពី ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន, អំពីសភាពការណ៍សន្តិសុខ ស្ថិរភាពនយោបាយនៅកម្ពុជា និងការត្រៀមរួចជាស្រេចរបស់កម្ពុជា ក្នុងការទទួលទេសចរចិន (China Ready)។
លោករដ្ឋមន្ត្រីបានសម្ដែងការគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគទីក្រុងតៃអាន ដែលបាននិងកំពុងរៀបចំចូលរួម ក្នុងគម្រោងវិនិយោគទេសចរណ៍ ជាមួយក្រុមហ៊ុន UNION Development Group (តារាសាគរ) និងសំណូមពរឱ្យលោកស្រី ជួយបន្តជំរុញអ្នកវិនិយោគ និងទេសចរចិនមកកម្ពុជាឱ្យបានច្រើន។
សូមជម្រាបថា សន្និសីទនិងពិព័រណ៌ទេសចរណ៍អន្តរជាតិ (JATA Tourism Expo 2016) នៅទីក្រុងតូក្យូ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២៣ ខែ កញ្ញា ឆ្នាំ២០១៦៕