(បន្ទាយមានជ័យ)៖ ព្រះសង្ឃចំនួន២៧អង្គគង់នៅ វត្តបទុមស្រះឈូកភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួមទាំងក្មេងវត្តម្នាក់ផងដែរ នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីឆាន់ ភេសជ្ជៈM១៥០ និងស្ករកៅស៊ូ បណ្តាលឲ្យពុលជាបន្តបន្ទាប់ ក្រោយមកត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ហើយខណៈនេះមន្ដ្រីកាំកុងត្រូល កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ ស្រាវជ្រាវ រកមូលហេតុពិតប្រាកដ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ព្រះសង្ឃគង់ក្នុងវត្ត អស់កម្លាំងព្រោះតែពេលព្រឹកសូត្រមន្តនាឱកាសកាន់បិណ្ឌភ្ជំបិណ្ឌ ហើយភេជ្ជៈទាំងអស់នេះ គឺប្រជាពលរដ្ឋចំណុះជើងវត្ត បានយកមកប្រគេន។
ជាមួយគ្នានោះដែរ លោក ស៊ាន សីុណាត ប្រធានសាខា កាំកុងត្រូលខេត្ត បានប្រាប់ Fresh News នាព្រឹកថ្ងៃទី២១ ខែកញ្ញានេះថា បន្តិចទៀតនេះ លោកនឹងចាត់ឲ្យមន្ត្រីក្រោមឱវាទ រៀបចំយកសម្ភារ និងចុះទៅពិនិត្យមើលM១៥០ និងស្កកៅស៊ូ ក្នុងវត្តខាងលើ ដើម្បីបញ្ជៀសគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋផ្សេងៗទៀត។
បើតាមនគរបាលតាំងពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រះសង្ឃដែលពុលបានធូរស្បើយ១៤អង្គហើយ៕