(ហ្សាការតា-ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Raja AlMarzoqi ប្រធានអ្នកចរចានៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាព ដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែច្រើន រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការតាមវិស័យជំនាញ នៅក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។

ដោយឡែកនៅរសៀលថ្ងៃដដែល លោកណ្ឌិត កៅ គឹមហួន បានរៀបចំបាយការងារជាមួយគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ដែលជាការរៀបចំលើកទី២ នៅក្នុងឆ្នាំ២០២៤នេះ។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន និង CPR បានធ្វើការពិភាក្សាត្រង់ទៅត្រង់មកយ៉ាងស៊ីជម្រៅ អំពីការងាររបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ជាពិសេសពាក់ព័ន្ធនឹងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឡាវ នាពេលខាងមុខ។

ស្របពេលនេះដែរ អគ្គលេខាធិការអាស៊ាន បានបន្តជួបពិភាក្សាការងារជាមួយលោកស្រី Tiffany McDonald ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី បន្ទាប់ពីទទួលបានលទ្ធផលដ៏ជោគជ័យនៃកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅប្រទេសអូស្ត្រាលី កាលពីខែមីនាកន្លងទៅ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពដែលលោកបណ្ឌិត កៅ គឹមហួន បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលីនៅឆ្នាំនេះ ជាផ្នែកនៃការខិតខំប្រឹងប្រែងរួម ដើម្បីចូលរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ជំនួបនេះទាំង៣នេះ បានធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី៕