(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» មុននឹងដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងអនុម័តដាក់ឱ្យអនុវត្តនាពេលខាងមុខ ។
កិច្ចប្រជុំនេះ បានរៀបចំឡើង នាថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តី, រដ្ឋលេខាធិការ, ប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។
បន្ទាប់ពីបានដាក់ចេញនូវ «ផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣ - ២០៣៣», រាជរដ្ឋាភិបាល បានសម្រេចនូវកិច្ចការអាទិភាពពាក់ព័ន្ធនឹងវិស័យ ដឹកជញ្ជូនផ្លូវទឹកជាបន្តបន្ទាប់ ដែលក្នុងនោះ «ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក» ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ ។
បន្ថែមពីនេះ«ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» ត្រូវបានរៀបចំឡើងជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការ និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេ ឱ្យកាន់តែមានភាពរីកចម្រើន និងស្របតាមនិន្នាការសកល ។
ក្របខណ្ឌនេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិក សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល ។
ដើម្បីសម្រេចគោលបំណងខាងលើ ក្របខណ្ឌនេះ កំណត់គោលដៅក្នុងការបង្កើនការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទន្លេ តាមរយៈការដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្ត ដែលគិតគូរអំពី៖
១. ការកំណត់ទីតាំងកំពង់ផែទន្លេជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និង
២. ការដាក់ចេញនូវសសរស្តម្ភចំនួន ៥ រួមមាន៖
- ការពង្រឹងក្របខណ្ឌគតិយុត្ត,
- ការពង្រឹងយន្តការស្ថាប័ន,
- ការកំណត់អាទិភាពលើយុទ្ធសាស្ត្រវិនិយោគ,
- ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍន៍ និង
- ការអនុវត្តបញ្ជីគម្រោងនៃផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ - ២០៣៣ ។
អង្គប្រជុំ បានពិភាក្សាលើចំណុចគន្លឹះមួយចំនួន និងបានស្នើឱ្យក្រុមការងារពិនិត្យបន្ថែមក្នុងផ្នែកខ្លះរបស់ឯកសារ ក៏ដូចជាការប្រើប្រាស់ពាក្យពេចន៍ និងទិន្នន័យ ដើម្បីឱ្យមានសង្គតិភាព និងគ្រប់ជ្រុងជ្រោយ និងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំសេចក្ដីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា» ៕