(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ដែលបានប្រកាសទាំង៧០នាក់ គឺក្នុងមួយខណ្ឌមាន ចំនួន៥នាក់ ដែលមានប្រធានមួយរូប អនុប្រធានមួយរូបនិងមានសមាជិកចំនួន៣រូប។ ក្នុងនោះ ក៏មានសមាជិក២រូប បានសំរេចចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ឃួង ស្រេង បានលើកឡើងថា៖ «យើងបានចូលមករួមរស់ជាមួយគ្នាហើយ ដូច្នេះយើងត្រូវរួមគ្នា ធ្វើយ៉ាងណា អភិវឌ្ឍន៍ប្រទេសឱ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។ សម្រាប់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន សូមធ្វើចលនាឱ្យគេមករួមរស់ជាមួយគណបក្សប្រជាជនយើង។ ការសូមឱ្យមានចលនានេះ គឺដើម្បីអោយមានការឯកភាពតែមួយ មានឯកភាពជាតិតែមួយ នោះការអភិវឌ្ឍប្រទេសនឹងធ្វើឡើងដោយភាពរលូន និងលឿនបំផុត។ នេះជាការមើលឃើញរបស់គណបក្សប្រជាជនកម្ពុជា»។
លោក ឃួង ស្រេង បានបន្តថា ការកសាងប្រទេសជាតិមួយរីកចម្រើនរុងរឿងទៅបាន ទាមទារឱ្យមានការបណ្តុះធនធានមនុស្ស ដើម្បីបន្តវេន ដូចដែលយើងបានមើលឃើញនៅពេលនេះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងបន្តវេនជានាយករដ្ឋមន្ត្រី ពីសម្តេចតេជោ ហ៊ុន សែន។ វាមិនធម្មតាពេកទេ ដើម្បីឱ្យប្រទេសកម្ពុជា ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០នោះ យើងត្រូវការសំខាន់បំផុត គឺធនធានមនុស្សនេះឯង។
លោក ឃួង ស្រេង បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងណាស់ ក្រៅពីរំដោះអាយុជីវិតប្រជាពលរដ្ឋពីសេចក្តីស្លាប់នៅក្នុងរបប ប៉ុល ពត នូវបានរំដោះអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតពីជំងឺកូវីដ១៩ ជាមួយនិងការកៀងគរអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើននាំឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ជាមួយនឹងប្រជាពលរដ្ឋកម្ពុជាមានកាងារធ្វើ។
លោក ឃួង ស្រេង ណែនាំឱ្យសមាជិកបើកបេះដូងទទួលសមាជិកថ្មីៗទៀត ដើម្បីរួមគ្នាបំពេញការងារជូនជាតិ រួមគ្នាជាចលនាជាតិតែមួយ គាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ដែលគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕