(ញូវយ៉ក)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមវេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២៤ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

សូមជម្រាបថា ក្នុងអំឡុងវេទិកា លោករដ្ឋមន្ត្រីបានធ្វើសេចក្តីថ្លែងការណ៍ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រោមប្រធានបទ របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការលុបបំបាត់ភាពក្រីក្រក្នុងគ្រាមានវិបត្តិ ដោយផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និរន្តរភាព មានភាពធន់ និងនវានុវត្តន៍ និងបានធ្វើសេចក្តីថ្លែងការណ៍ស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្ដីពីទឹកស្អាត និងអនាម័យ (SDG 6) នៅក្នុងព្រឹត្តិការណ៍ពិសេសកម្មវិធីសកម្មភាពទឹក។

លោករដ្ឋមន្ត្រីបានជម្រាបប្រាប់ដល់អង្គវេទិកាថា ប្រទេសកម្ពុជាបានប្តេជ្ញាចូលរួមចំណែកនៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ បង្កើនភាពធន់នឹងអាកាសធាតុ និងលើកកម្ពស់ការគ្រប់គ្រងដីនិងទឹកប្រកបដោយនិរន្តរភាព ព្រមទាំងបានអំពាវនាវឱ្យមានការពង្រឹងសាមគ្គីភាពជាសាកល ដើម្បីដោះស្រាយគម្លាតផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការកសាងសមត្ថភាព។

សូមបញ្ជាក់ថា វេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០២៤ ប្រព្រឹត្តទៅពីថ្ងៃទី១៥-១៨ ខែកក្កដា ឆ្នាំ២០២៤ ដោយមានសមាជិកចូលរួមប្រមាណ ១៦៩ប្រទេសមកពីគ្រប់តំបន់។ ដោយឡែកប្រទេសកម្ពុជា សាធារណរដ្ឋឆេក និងហ្ស៊កដានី ត្រូវបានអង្គការសហប្រជាជាតិជ្រើសរើសជាប្រទេសដែលអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្ដីពីទឹកស្អាត និងអនាម័យ បានល្អប្រសើរ និងបានអញ្ជើញតំណាងពីប្រទេសទាំង៣ ដើម្បីធ្វើការចែករំលែកបទពិសោធន៍ទៅដល់បណ្តាប្រទេសផ្សេងទៀតដែលកំពុងជួបបញ្ហា៕