(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ បសប.ហភ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីប្រកាសសមាសភាព ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (បសប.ហភ) នៅសាលប្រជុំនៃនាយកដ្ឋានអង្គរក្ស។

ឆ្លៀតក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ក៏បានផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី វិធានការអនុវត្តសម្រាប់ជនបរទេសដែលបានប្ដឹងស្នើសុំអន្តរាគមន៍ និងណែនាំអំពីរបៀបនៃការបំពេញទម្រង់ព័ត៌មានវាយតម្លៃបឋមភាពជាជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស សម្រាប់ជនបរទេសដែលបនាស្នើសុំអន្តរាគមន៍។

កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីប្រធាន-អនុប្រធាននាយកដ្ឋានជំនាញ, សមាជិកក្រុមប្រតិបត្តិការផ្ទាល់ និងសមាជិកក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្ដាញនាំមនុស្សឆ្លងដែនខុសច្បាប់សរុបចំនួន ៥៣រូប និងចូលរួមតាមប្រព័ន្ធ(ZOOM) ពីស្នងការ-ស្នងការរងនគរបាលរាជធានី-ខេត្ត និងអនុក្រុមការងារ បសប.ហភ ទាំង២៥ រាជធានី-ខេត្ត៕