(បរទេស)៖ Kakao Talk ជាកម្មវិធីជជែកកម្សាន្តមួយដែលពេញនិយមបំផុតសម្រាប់ប្រជាជនកូរ៉េខាងត្បូង និងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឯកជនផ្ដល់សេវាកម្មអ៊ីនធើណែត Kakao Corp។ វាត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១០ ដោយគិតមកដល់ពេលនេះមានរយៈពេល ១៤ឆ្នាំ។ Kakao Talk ត្រូវបានគេរាយការណ៍មកថា ជាកម្មវិធីមួយត្រូវបានប្រើប្រាស់ ប្រមាណជា ៩៧% នៃអ្នកប្រើស្មាតហ្វូននៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងមូល ខណៈដែលវាអាចប្រើបានទាំងនៅលើទូរស័ព្ទ និងកុំព្យូទ័រ។
KakaoTalk ជាកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការ ហៅទូរសព្ទ និងផ្ញើសារដោយឥតគិតថ្លៃ។ ដូចជា អ្នកប្រើប្រាស់អាចចែករំលែករូបថត វីដេអូ សារជាសំឡេង ទីតាំង តំណភ្ជាប់គេហទំព័រ និងព័ត៌មានទំនាក់ទំនង។ អ្នកប្រើប្រាស់អាចបង្កើតការសន្ទនាមួយទល់នឹងមួយ ឬជាក្រុមដោយគ្មានដែនកំណត់លើអ្នកប្រើប្រាស់ (Group chats with no limit on users)។
យោងតាមរបាយការណ៍ចេញដោយគេហទំព័រ Famewall នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំនួនអ្នកប្រើប្រាស់ Kakao Talk នៅជុំវិញពិភពលោកមានរហូតដល់ ៥៣,៥លាននាក់ជារៀងរាល់ខែ ដោយក្នុងនោះមាន ៤៨,២លាននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្នមានសារត្រូវបានផ្ញើចេញ-ចូលចំនួន ១លានសារជារៀងរាល់ថ្ងៃ។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ កម្មវិធី Kakao Talk មានអ្នកទាញយកពីចេញពី Play Store ច្រើនជាង ១០០លាន និងចេញពី App Store ច្រើនជាង ១៥០លាន។ និយាយជារួម កម្មវិធីមួយនេះចាប់ជាកម្មវិធីដែលចេញនិយមបំផុតនៅក្នុង App Store និង Play Store សម្រាប់ប្រទេសកូរ៉េខាងត្បូង។
យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឱ្យដឹងថា អ្នកប្រើ Kakao Talk ច្រើនជាងគេគឺនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រៅពីនោះ មាននៅសហរដ្ឋអាមេរិក ប្រមាណជា ០,៩២%, នៅវៀតណាម ០,២៥%, នៅកាណាដា ០,២៤%, នៅជប៉ុន ០,២២% និងនៅបណ្ដាប្រទេសផ្សេងទៀតមាន ១,៦៤%។
ប្រទេសច្រើនទៀត គេមានមធ្យោបាយទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់គេ ដូចជា WeChat របស់ប្រទេសចិន, Zalo របស់វៀតណាម, Telegram របស់រុស្ស៊ី WhatsApp របស់អាមេរិក, Messenger របស់អាមេរិក, កម្មវិធីផ្ញើសារ Line & Viber របស់ជប៉ុន ចំណែកនៅកម្ពុជាយើងក៏មានផលិតផលផ្ទាល់ខ្លួន គឺ CoolApp។
សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដែលមានបណ្តាញទំនាក់ទំនងសង្គមឆាត ទី១៖ វៀតណាម មាន Zalo ទី២៖ កម្ពុជា មាន CoolApp ចំណែកប្រទេសសមាជិកអាស៊ានដទៃទៀតមិនទាន់មានទេ៕