(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត ចុះសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ចំណុចប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលកំពុងប្រចាំការការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈមនសិការស្នេហាជាតិខ្ពស់បំផុត។

នៅក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធរបស់យើង និយាយដោយឡែកកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងក្រុមគ្រួសារ។

ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានថ្លែងនូវការគោរពដឹងគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់​ ក្នុងបុព្វហេត្វការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន លោកបញ្ជាក់យ៉ាងច្បាស់ៗថា៖ «យើងខ្ញុំទាំងអស់គ្នាសូមផ្តល់ការគាំទ្រ និងលើកទឹកចិត្តគ្រប់ពេលវេលា»

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងទៀតថា៖ «ប្រាសាទតាមាន់ និងប្រាសាទតាក្របី» ជា កេរ្តិ៍ដំណែលដូនតាបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ នៅលើទឹកដីខេត្តឧត្តរមានជ័យ ពោរពេញដោយបារមីតេជះខ្លាំងពូកែ។ ជាមួយគ្នានេះដែរ លោកសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋមកទស្សនាប្រាសាទកេរ្តិ៍តំណែលដូនតាយើង ប្រាសាទតាមាន់ និងប្រាសាទតាក្របី» ដោយរដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំអ្នកមគ្គុទ្ទេសក៍រង់ចាំជូនបងប្អូន ចូលទស្សនាប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយឥតគិតថ្លៃ៕