(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ រួមជាមួយដៃគូអភិវឌ្ឍ បាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំង លើការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្រ្តី និងប្រជាពលរដ្ឋ តាមតំបន់មូលដ្ឋាន។
ជាក់ស្ដែងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ធនាគារជាតិនៃកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្ដីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងខេត្តរតនគីរ ក្រោមការចូលរួមពីលោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាុ។
លោ០ក រ័ត្ន សុវណ្ណនរៈ បានថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបង្ហាញពីការវិវត្តនិងរីកចម្រើនយ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយវិសមភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។
លោកបានថ្លែងបន្ដថា វិស័យនេះបានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រមទាំងបានបន្តអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព មានកិច្ចការពារ និងបរិយាបន្ន។
លោកបានបន្ថែមថា ទោះបីយ៉ាងនេះក្តីវិស័យនេះ កំពុងទទួលរងនូវការចោទប្រកាន់ និងការព្រួយបារម្ភពី អង្គការសង្គមស៊ីវិល មួយចំនួន ពាក់ព័ន្ធនឹងការបញ្ចេញឥណទានហួសពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រ ជាប់បំណុលលើសលប់ ការអនុវត្តសកម្មភាពប្រមូលបំណុល ដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រ កាត់បន្ថយរបបអាហារ លក់ដីធ្លី ធ្វើចំណាក ស្រុកខុសច្បាប់ ឬជំរុញឱ្យមានការបោះបង់ការសិក្សា និងការជិះជាន់លើពលកម្មកុមារ ដើម្បីអាចទូទាត់សងប្រាក់។
លោកបានបញ្ជាក់ថា បញ្ហាចម្បងៗដែលជាដើមហេតុ នៃការចោទប្រកាន់ទាំងនោះរួមមាន៖ ការផ្ដល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមាន កម្រិតទាប ការឆកល្វែង ក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សាយនៃដំណើរការវាយតម្លៃក្នុងការផ្តល់ឥណទាន ការផ្តល់ឥណ ទានដោយផ្ដោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការពិន័យផ្សេងៗក្នុងកម្រិតខ្ពស់ និងការអនុវត្តការងារ របស់បុគ្គលិកគ្រឹះស្ថាន ដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈជាដើម។
លោកបានបញ្ជាក់បន្ថេមថា «បញ្ហានេះធនាគារជាតិនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី អង្គការ Good Return អង្គការ UNESCAP សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុអន្តរ ជាតិ និងដៃគូអភិវឌ្ឍពាក់ព័ន្ធ ក្នុងទិសដៅបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់ សេវាហិរញ្ញវត្ថុប្រកបដោយ ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកុមារ ស្រ្តី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន»។
លោក ឌី ស៊ីថា ក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលើកឡើងថា ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការគាំទ្រ ថែរក្សាសុខុមាលភាព និងនិរន្តរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ខណៈវិស័យនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងគោលដៅរួមចំណែកលើកស្ទួយ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ ចីរភាពនៅកម្ពុជា។
លោកបានបន្ដថា វិស័យនេះបានផ្តល់នូវឱកាសការងារ សម្រាប់ប្រជាជននៅទីក្រុង និងជនបទ និងលើកកម្ពស់ជីវភាពរស់នៅ របស់ពួកគេឱ្យកាន់តែប្រសើរឡើង។ សំខាន់ជាងនេះទៅទៀត វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏បានជួយបង្កើនប្រាក់ចំណូលដល់ ប្រជាជន អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់នូវប្រាក់កម្ចីសម្រាប់ជាដើមទុនក្នុងការពង្រីកមុខរបរ អាជីវកម្ម និង ការធ្វើកសិកម្មជាដើម៕