(កំពង់ធំ)៖ លោក មួង សូនី ប្រធានសមាគមក្រុមការងារ១០០រាត្រី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមកម្មវិធីដាំកូនឈើ ចំនួន ៥០០០ដើម នៅវត្តពាមមេត្រី ខេត្តកំពង់ធំ ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» នៅក្នុងបរិវេណវត្តពាមមេត្រី ស្ថិតនៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក មួង សូនី បានឲ្យដឹងថា ការដាំដើមឈើនេះ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការពន្លកបៃតង របស់ក្រសួងបរិស្ថាន និងឲ្យកម្ពុជាមានគម្របព្រៃឈើ៦៥% មានកំណើនទេសចរណ៍នៅកម្ពុជា និងអាចមានលទ្ធភាពលក់កាបូនដើម្បីសេដ្ឋកិច្ចជាតិកម្ពុជា ព្រមទាំងបណ្ដុះផ្នត់គំនិតប្រជាពលរដ្ឋឲ្យស្រលាញ់បរិស្ថាន និងចូលរួមដាំកូនឈើ។
កម្មវិធីដាំកូនឈើ មានការនិមន្តចូលរួមពី ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូធម្មករីវង្សាចារ្យ ឡាន់ សុមនោ ចៅអធិការវត្តពាមមេត្រី និងចូលរួមពី លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានតំណាង រដ្ឋមន្រ្តី អ៊ាង សុផល្លែត និង លោក តាក់ កាក់នីកា ប្រធានសមាគម ១០០រាត្រីខេត្តកំពង់ធំ និងចូលរួមផងដែរពី អភិបាលរង ខេត្តកំពង់ធំ អភិបាលស្រុកកំពង់ស្វាយ ព្រមទាំងព្រះចៅអធិការវត្ត ព្រះសង្ឈ តាមបណ្ដាវត្តនៅស្រុកកំពង់ស្វាយ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សសរុបចំនួន ១៥០០នាក់ ៕